អន្តរជាតិ

តៃវ៉ាន់កំពុងតាមដានសកម្មភាពយោធាចិនក្រោយការបោះឆ្នោតប្រធានាធិបតី

ប្រែសម្រួល៖ ស.សម្បត្តិ

តៃប៉ិ៖ កាលពីថ្ងៃពុធ ទី១៧ មករា ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះចម្បាំងចិនចំនួន ១៨ គ្រឿងបានហោះហើរនៅជុំវិញដែនអាកាសរបស់ខ្លួនរួមជាមួយនិងនាវាចម្បាំងក្នុងយុទ្ធសាស្ត្រ “ល្បាតនិងត្រៀមប្រយុទ្ធរួមគ្នា” ដែលក្រសួងការពារជាតិតៃវ៉ាន់ចោទប្រកាន់ថាជាសកម្មភាពយោធាទ្រង់ទ្រាយធំដំបូងបង្អស់បន្ទាប់ពីការបោះឆ្នោតនៅតៃវ៉ាន់។

ចិនដែលជានិច្ចជាកាលចាត់ទុកតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួនហើយសកម្មភាពយោធាក្នុងលក្ខណ:ទ្រង់ទ្រាយធំរបៀបនេះបានកើតឡើងអស់រយៈពេល ៤ ឆ្នាំមកហើយ។

ពលរដ្ឋតៃវ៉ាន់បានសម្រេចចិត្ត​​បោះឆ្នោតកាល​ពី​ថ្ងៃ​សៅរ៍កន្លងទៅជ្រើសរើស​​លោក Lai Ching-te មកពី​គណបក្ស​ប្រជាធិបតេយ្យ​ដែលជាបក្សកំពុង​កាន់​អំណាចធ្វើ​ជា​ប្រធានាធិបតី​បន្ទាប់​របស់​តៃវ៉ាន់។

ហេតុផលនេះធ្វើឲ្យក្រុង​ប៉េកាំង​​រិះគន់​ម្តង​ហើយ​ម្តង​ទៀត​ថាលោក Lai Ching-te ​ជា​អ្នក​បំបែក​ខ្លួន​ដ៏​គ្រោះថ្នាក់ និង​ជា​អ្នក​បង្កឲ្យមាន​សង្រ្គាម។

កាលពីថ្ងៃពុធក្រសួងការពារជាតិរបស់កោះតៃវ៉ាន់បានធ្វើការគូសបញ្ជាក់ថា ចាប់ពីម៉ោង ៧.៥០ យប់ម៉ោងក្នុងស្រុកខ្លួនបានប្រទះឃើញយន្តហោះចម្បាំងចិន Su-30 ចំនួន ១៨ គ្រឿងកំពុងប្រតិបត្តិការនៅភាគខាងជើង ភាគកណ្តាល និងនៅភាគនិរតីនៃកោះតៃវ៉ាន់ផងដែរ។

ក្រសួងបានបន្ថែមថាមានយន្តហោះចំនួន ១១ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ច្រកសមុទ្រតៃវ៉ាន់និងនៅក្នុងតំបន់ជុំវិញនោះរួមជាមួយនិងកងនាវាចម្បាំងប្រតិបត្តិការ “ល្បាតក្នុងលក្ខណ:ត្រៀមប្រយុទ្ធរួមគ្នា” ។

ខ្សែបន្ទាត់ច្រកសមុទ្រតៃវ៉ាន់គឺជារបាំងបែងចែកដែនសីមាមិនផ្លូវការរវាងភាគីទាំងពីរក៏ប៉ុន្តែឥឡូវនេះ ចិនតែងតែបញ្ចេញយន្តហោះចម្បាំងរបស់ខ្លួនឲ្យហោះហើររំលោភលើដែនអធិបតេយ្យរបស់តៃវ៉ាន់។ ប្រទេស​ចិន​បានអះអាងថា​ខ្លួន​មិន​ទទួល​ស្គាល់​អត្ថិភាព​របស់​ខ្សែបន្ទាត់ច្រកសមុទ្រតៃវ៉ាន់​នោះ​ទេ។ ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងថា តៃវ៉ាន់បានបញ្ជូនកងកម្លាំងរបស់ខ្លួនធ្វើការតាមដានស្ថានការនេះហើយ។

តៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “បញ្ហាសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅទៅនឹងការអភិវឌ្ឍនិងការរក្សាសន្តិភាពរបស់ពិភពលោកនេះគឺជាកាតព្វកិច្ច និងការទទួលខុសត្រូវដែលគ្រប់ភាគីនៅក្នុងតំបន់ត្រូវតែចូលរួម” ។

“យោធានឹងបន្តពង្រឹងសមត្ថភាពស្វ័យការពាររបស់ខ្លួនឲ្យសមាមាត្រទៅនឹងទំហំនៃការគំរាមកំហែងរបស់សត្រូវដែលចាំបាច់ត្រូវតែការពារខ្លួនទុកជាមុនដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៅក្នុងតំបន់”មួយនេះ។

នៅមិន​ទាន់​មាន​ការ​ឆ្លើយ​តបចំពោះការចោទប្រកាន់របស់ក្រសួងការពារជាតិតៃវ៉ាន់ភ្លាមៗ​ពី​ក្រសួង​ការពារ​ជាតិ​ចិននោះ​ទេ។

ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបានថ្លែងនៅព្រឹកថ្ងៃពុធកន្លងមកថា គោលជំហររបស់ក្រុងប៉េកាំងគឺថាខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីចាប់យកតៃវ៉ាន់មកគ្រប់គ្រងនោះទេ។ ការថ្លែងបែបនេះគឺចង់សំដៅទៅលើការជ្រៀតជ្រែកពីសំណាក់បរទេស និងក្រុមអ្នកបំបែកខ្លួនមួយចំនួនតូច ដោយបានបន្ថែមថា តៃវ៉ាន់ចាំបាច់ត្រូវលុបបំបាត់គោលជំហរ “លំអៀង” ប្រឆាំងនឹងចិន។ .

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែងថាអាមេរិកកំពុងតាមដានយ៉ាងដិតដល់រាល់សកម្មភាពរបស់ក្រុងប៉េកាំង ហើយបានអំពាវនាវដល់ចិនថាកុំប្រើការបោះឆ្នោតតៃវ៉ាន់ជា “លេសដើម្បីបង្កើនសកម្មភាពយោធាកាន់តែខ្លាំងឡើង” ។

អ្នកនាំពាក្យរូបនេះបានបន្តថា “យើងអំពាវនាវឲ្យមានការអត់ធ្មត់ហើយចិនមិនត្រូវធ្វើសកម្មភាពណាមួយជាឯកតោភាគីដែលបង្កឲ្យស្ថានការណ៏ក្នុងពេលបច្ចុប្បន្នធ្លាក់ក្នុងសភាពច្របូកច្របល់និងត្រូវចូលរួមថែរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ច្រកសមុទ្រតៃវ៉ាន់ និងនៅទូទាំងតំបន់សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀត” ។

ប្រភពមួយដែលដឹងពីកិច្ចការរបស់លោក Biden បានឲ្យដឹងថា “មិនមានអ្វីដែលគួឲ្យអាមេរិកភ្ញាក់ផ្អើលទេព្រោះអាមេរិកបានដឹងពីសកម្មភាពរបស់ក្រុងប៉េកាំងនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះរួចទៅហើយគឺចិននឹងបន្ថែមសម្ពាធមកលើតៃវ៉ាន់បន្តិចម្តងៗកាន់តែខ្លាំងឡើង” ។

គេបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានឃើញសម្ពាធការទូត និងសេដ្ឋកិច្ចដែលជាការគំរាមកំហែងបន្តទៀត។

លោក Lai ដែលគ្រោងនឹង​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​ឧសភា បាន​អំពាវនាវសុំឲ្យមានការ​ចរចា​ជាមួយ​ចិន​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​ត្រូវ​បានចិន​បដិសេធ។ គាត់និយាយថា គាត់នឹងបន្តរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអនាគតរបស់ខ្លួនបាន។

អ្នកនាំពាក្យសម្រាប់យុទ្ធនាការរបស់លោក Lai និងជាប្រធានកិច្ចការអន្តរជាតិសម្រាប់ DPP លោក Vincent Chao បានប្រាប់វិទ្យាស្ថានសន្តិភាពរបស់អាមេរិកថា រដ្ឋបាលថ្មីនឹងក្លាយជា “ការបន្តវេណ” និង “វាមិនមានអ្វីដែលគួរឲ្យយើងភ្ញាក់ផ្អើលនោះទេ” តែយើងត្រូវរក្សាការទប់ស្កាត់ឲ្យខ្លាំងរួមជាមួយនិងអាមេរិក និងប្រទេសដទៃទៀតនៅក្នុងតំបន់។

លោកបានបន្ថែមថា “យើងមិនត្រូវផ្តល់ឱកាសឲ្យមេដឹកនាំចិនលោក Xi Jinping ងើបពីដំណេកនៅថ្ងៃណាមួយ ហើយធ្វើការសម្រេចចិត្តជាឯកតោភាគីចូលលុកលុយតៃវ៉ាន់នោះទេ”។

លោក Chao បានសង្កត់ធ្ងន់ថា “បញ្ហាទាំងអស់គឺពោរពេញទៅដោយហានិភ័យសម្រាប់ការចំណាយក្នុងសង្គ្រាមមួយដែលកើតឡើងដូច្នេះហើយវាជាហានិភ័យសម្រាប់គាត់បើគិតលើការចំណាយក្នុងសកម្មភាពយោធាដែលគាត់ត្រូវតែគណនាឲ្យបានគ្រប់ជ្រុងជ្រោយ” លោក Chao បានអះអាងថា: “យើងប្តេជ្ញារក្សាការអត់ធ្មត់ក្នុងកម្រឹតខ្ពស់ និងមិនចំណាយក្នុងការធ្វើសកម្មភាពតបតឲ្យខ្លាំងក្លាណាស់ណាទេគីរក្សាការចំណាយឲ្យបានទាប​បំផុតនិងបញ្ចៀសការប្រឈមមុខក្នុងលក្ខណ:ទ្រង់ទ្រាយធំ”៕

ប្រភព៖ Reuters/rc/fh