ព័ត៌មានជាតិ

តុលាការខេត្តចំប៉ាសាក់,ឡាវនិងតុលាការខេត្តព្រះវិហារ,កម្ពុជាសហប្រតិបត្តិការជាមួយគ្នា

ដោយ : បន្ទាយ

ព្រះវិហារ៖តុលាការប្រជាជនខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវ និងតុលាការខេត្តព្រះវិហារនៃព្រះរាជាណាចក្រម្ពុជាបានស្កាត់ជួបពិភាក្សាដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏កម្រជាមួយគ្នាក្នុងគោលបំណងដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃប្រវត្តិសាស្ដ្រមួយសម្រាប់សាលាដំបូងខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំទ្វេភាគី ស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគណៈប្រតិភូតុលាការប្រជាជនខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាមានិតឡាវ ក្នុងគោលបំណងដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព ជាប្រពៃណី ដើម្បីអភិវឌ្ឍន៍វិស័យតុលាការរបស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ ជាពិសេសគឺខេត្តជាប់ព្រំដែន ។

កិច្ចប្រជុំក្នុងទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ បានធ្វើឡើងដោយអនុវត្តតាមខ្លឹមសារសន្ធិសញ្ញាស្ដីពីកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា និងតុលាការកំពូលសាធារណរដ្ឋប្រជាមានិតឡាវ និងសេចក្ដីប្រកាសរួម នៃសន្និសិទតុលាការបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ វៀតណាម ចំនួន០៣លើក ស្ដីពីគ្រប់ប្រទេសភាគីសន្ធិសញ្ញាត្រូវតែបង្កើតនូវចំណងសាមគ្គីភាពជាមួយគ្នា ។

ដោយធ្វើយ៉ាងណាត្រូវចំណាយពេលវេលា ចុះធ្វើទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ទៅវិញទៅមក ឱ្យបានយ៉ាងតិចមួយដងក្នុងមួយឆ្នាំ។

ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូសាលាដំបូងខេត្តព្រះវិហារ ដឹកនាំដោយលោក យុត ពន្លឺ ប្រធានសាលាដំបូងខេត្ត និងលោក ទី សុវិនថាល់ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងគណៈប្រតិភូតុលាការប្រជាជន ខេត្តចំប៉ាសាក់ ដឹកនាំដោយលោកស្រី បួ លៀន ម៉ានីវង្ស ប្រធានតុលាការប្រជាជនខេត្តចំប៉ាសាក់ និងលោក ភូ វាំង ចាឡើនឡាត់ អនុប្រធានតុលាការខេត្តចំប៉ាសាក់ ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី នៃភាគីទាំងពីរ មន្ដ្រីនៃលេខាធិការដ្ឋានសាលាដំបូងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលធ្វើឡើងនៅសាលប្រជុំជាន់ទី៣ សាលាខេត្តព្រះវិហារ។

ប្រតិភូតុលាការខេត្តចំប៉ាសាក់ ក៏ត្រូវឡើងភ្នំជួរភ្នំដងរែកធ្វើទស្សនកិច្ចនៅប្រាសាទព្រះវិហារ។

បន្ទាប់មកសាលាដំបូងខេត្តព្រះវិហារ ក៏បានរៀបចំលាងសាយភោជន៍និងសម្តែងរបាំ រាំកម្សាន្តជូនភាគីតុលាការខេត្តចំប៉ាសាក់ផងដែរ៕