អន្តរជាតិ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ដែលជាប់ពន្ធនាគារទំនងជាត្រូវដោះលែងនៅខែក្រោយ

ប្រែសម្រួល៖ ស.សម្បត្តិ

បាងកក៖ កាលពីថ្ងៃពុធ ទី១៧ មករា មន្ត្រីនាយកដ្ឋានពន្ធនាគារបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងជាប់ពន្ធនាគារ ដោយសារតែអាយុនិងសុខភាពរបស់គាត់អាចនឹងត្រូវពិចារណាដើម្បីដោះលែងឲ្យនៅក្រៅឃុំក្នុងខែក្រោយ ។

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន អាយុ ៧៤ ឆ្នាំត្រូវបានអនុញ្ញាតឲ្យសម្រាកនៅក្នុងមន្ទីរពេទ្យដោយសារតែជំងឺលើសឈាមនិងតឹងដើមទ្រូងក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីវិលត្រឡប់មកកាន់ប្រទេសថៃវិញនៅក្នុងខែសីហាក្រោយពីការនិរទេសខ្លួនអស់រយៈពេល ១៥ ឆ្នាំដើម្បីអនុវត្តទោសរយៈពេល ៨ ឆ្នាំពីបទរំលោភអំណាច។

ការកាត់ទោសរបស់គាត់ត្រូវបានរំសាយក្នុងរយ:ពេលមួយឆ្នាំក្រោយពីការលើកលែងទោសរបស់ព្រះមហាក្សត្រថៃ។

កាលពីសប្តាហ៍មុននាយកដ្ឋានពន្ធនាគារបានអនុញ្ញាតឲ្យគាត់បន្តសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប៉ូលិស។

លោក Sitthi Sutivong អគ្គនាយករងនៃនាយកដ្ឋានពន្ធនាគារបានប្រាប់អ្នកយកព័ត៌មានថាលោកថាក់ស៊ីនអាចនឹងត្រូវពិចារណាលើការដោះលែងនៅក្នុងខែកុម្ភៈដោយ “ផ្អែកលើលក្ខណៈវិនិច្ឆ័យចំពោះលោកថាក់ស៊ីនថាតើគាត់មានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់ការលើកលែងទោសដ៏ពិសេសនេះដែរឬទេ”។

លោក Sitthi បានបន្តថានាយកដ្ឋានពន្ធនាគារមិនទាន់ទទួលបានសំណើជាផ្លូវការពីពន្ធនាគារកណ្តាលក្រុងបាងកក Remand សម្រាប់ការពិចារណាឲ្យដោះលែងគាត់នៅឡើយទេ។

លោកថាក់ស៊ីនត្រូវបានយោធាធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ ២០០៦ ជាហេតុបង្ខំឲ្យគាត់និរទេសខ្លួន។

លោកថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីនិងធ្លាប់ជាមហាសេដ្ឋីទូរគមនាគមន៍ និងជាម្ចាស់ក្លិបបាល់ទាត់ Manchester City នៃ Premier League ត្រូវបានពួកយោធាចោទពីបទពុករលួយ បក្ខពួកនិយម និងរំលោភអំណាច។

គាត់ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគារនៅក្នុងឆ្នាំ ២០០៨ ។ ចំណែកប្អូនស្រីរបស់គាត់លោកស្រី Yingluck Shinawatra ត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីដោយរដ្ឋប្រហារយោធាមួយផ្សេងទៀតនៅក្នុងឆ្នាំ ២០១៤ ។

លោកថាក់ស៊ីន បានទទួលការស្វាគមន៍ដោយហ្វូងមនុស្សអបអរសាទរការមកដល់របស់គាត់ក្នុងខែសីហា ហើយប៉ូលិសបានស្វាគមន៍គាត់នៅមុនពេលនាំគាត់ទៅកាន់តុលាការបន្ទាប់មកបញ្ជូនគាត់ទៅកាន់ពន្ធនាគារ។

នៅថ្ងៃដដែលនោះមហាសេដ្ឋីអចលនទ្រព្យ លោក ស្រី ថាថាវីស៊ីន ត្រូវបានសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី។

លោក ថាក់ស៊ីន បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ថា​មិន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយវិញនោះទេដោយ​និយាយ​ថា​លោក​សុំ​ចូល​និវត្តន៍៕

ប្រភព៖ Reuters/ga