សន្ដិសុខសង្គម

រថយន្តដឹកខ្យងបុករថយន្តដឹកជនជាតិចិនបណ្ដាលឱ្យមនុស្ស៦នាក់រងរបួសធ្ងន់

ដោយ:សុខុម
កណ្ដាល:មនុស្សចំនួន៦នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍រថយន្តពីរគ្រឿងបុកគ្នាពេញកំហឹងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤លើផ្លូវជាតិលេខ២១អាភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្ដមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2D-3734ដឹកខ្យង បើកបរដោយឈ្មោះ ខ្មៅ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើរថយន្ដសាំយ៉ុងដឹកខ្យងនេះស្រាប់តែបើករេចង្កូត ទៅបុកជាមួយរថយន្ដមួយគ្រឿងទៀត ម៉ាក អាល់ហ្វាត (ALPHARD) ពណ៌ស ពាក់ផ្លាកលេខកណ្ដាល2BF-8668ដឹកជនជាតិចិន បើកបរក្នុងទិសដៅបញ្រ្ជាសគ្នា ពីត្បូងទៅជើង (កោះធំ-តាខ្មៅ) បើកបរដោយឈ្មោះប៉ាន់ បូរ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំ ងខេត្តកំពង់ឆ្នាំង។


ក្រោយកើតហេតុភ្លាមសមត្ថកិច្ចជំនាញនៃអធិការរដ្ឋាននគរបាលស្រុកស្អាងបានចុះទៅដល់កន្លែងកើតហេតុជួយសម្រួលចរាចរណ៍យករថយន្តទាំងពីរគ្រឿងទៅកន្លែងសមត្ថកិច្ច។អ្នកបើកបររថយន្តទាំងសងខាងរបួសធ្ងន់រួមទាំងអ្នករួមដំណើរសរុប៦នាក់ក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕