អន្តរជាតិ

យន្តហោះជប៉ុនវិលត្រឡប់ក្រោយខណ:បុរសជនជាតិអាមេរិកម្នាក់ខាំអ្នកបម្រើ

ប្រែសម្រួល៖សហការី

តូក្យូ៖ នៅថ្ងៃពុធ ទី១៧ មករា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បាននិយាយថា យន្តហោះរបស់ខ្លួនដែលកំពុងធ្វើដំណើរទៅកាន់អាមេរិកត្រូវត្រឡប់ទៅកាន់ទីក្រុងតូក្យូវិញ បន្ទាប់ពីអ្នកដំណើរស្រវឹងស្រាម្នាក់បានខាំអ្នកបម្រើក្នុងកាប៊ីនយន្តហោះ។

អ្នកនាំពាក្យរបស់ All Nippon Airways បានប្រាប់ AFP ថាអ្នកដំណើរម្នាក់ដែលត្រូវបានគេរាយការណ៍ថាជាបុរសមានអាយុ ៥៥ ឆ្នាំដែលគេជឿថាជាជនជាតិអាមេរិកបានខាំដៃអ្នកបម្រើកាប៊ីនម្នាក់   ខណៈពេលដែលគាត់ស្រវឹងខ្លាំងធ្វើឲ្យនាងរងរបួស ។

​​ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA បានឲ្យដឹងថាដោយសារតែឧបទ្ទវហេតុនេះបានបង្ខំឲ្យអ្នកបើកយន្តហោះដែលមានអ្នកដំណើរ ១៥៩ នាក់នៅលើនោះសម្រេចចិត្តវិលត្រឡប់មកកាន់អាកាសយានដ្ឋាន Haneda វិញហើយបុរសនោះត្រូវបានប៉ូលិសឃាត់ខ្លួន។

ទូរទស្សន៍ជប៉ុន TBS បានដកស្រង់សម្តីអ្នកដំណើរម្នាក់ដែលបានប្រាប់អ្នកស៊ើបអង្កេតថាគាត់ “មិនយល់ទាល់តែសោះ” ចំពោះអាកប្បកិរិយារបស់បុរសជនជាតិអាមេរិកម្នាក់នោះ។

ចំណែកអ្នកផ្សេងទៀតបានសម្តែងការសោកស្ដាយចំពោះបញ្ហាដែលកើតឡើងដ៏ច្រើនសន្ធឹកសន្ធាប់មកទល់ពេលនេះសម្រាប់អាកាសចរណ៍ជប៉ុនដែលមកទល់នឹងពេលនេះមានឧប្បត្តិហេតុកើតឡើងចំនួនបួនផ្សេងទៀតត្រឹមតែរយៈពេលជាងពីរសប្តាហ៍ប៉ុណ្ណោះ។

គ្រោះថ្នាក់ដ៏ធំបំផុតនោះគឺយន្តហោះបុកគ្នាកាលពីថ្ងៃទី ២ ខែមករារវាងយន្តហោះ Japan Airlines និងយន្តហោះឆ្មាំឆ្នេរសមុទ្របង្កើតនូវមហន្តរាយក្នុងព្រលានយន្តហោះ Haneda ។

ដែលក្នុងនោះមានអ្នកដំណើរ ៣៧៩ នាក់នៅលើយន្តហោះ JAL Airbus ចេញផុតនៅមុនពេលដែលយន្តហោះផ្ទុះឡើង។

តែជាអកុសលឆ្មាំឆ្នេរសមុទ្រប្រាំនាក់ក្នុងចំណោមប្រាំមួយនាក់នៅលើយន្តហោះធុនតូចដែលប្រើប្រាស់សម្រាប់ជួយសង្គ្រោះក្នុងគ្រោះការរញ្ជួយដីនៅកណ្តាលប្រទេសជប៉ុនត្រូវបានស្លាប់។

បន្ទាប់មកនៅថ្ងៃអង្គារនេះ ចុងស្លាបយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានបុកជាមួយនឹងយន្តហោះ Cathay Pacific ខណៈពេលកំពុងរៀបហោះហើរនៅឯអាកាសយានដ្ឋាននៃភាគខាងជើងកោះហុកកៃដូរបស់ប្រទេសជប៉ុន។

ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានបញ្ជាក់ថា ឧបទ្ទវហេតុនេះមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេគឺវាបានកើតឡើង “ដោយសារតែមានព្រិលធ្លាក់ខ្លាំងធ្វើឲ្យវារអិលទៅប៉ះចុងស្លាបគ្នាបន្តិច” ។

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានប្រាប់ AFPថាមានឧបទ្ទវហេតុកើតឡើងស្រដៀងគ្នានេះផងដែរកាលពីថ្ងៃអាទិត្យយន្តហោះ ANA មួយបាន “ប៉ះគ្នា” ជាមួយយន្តហោះ Delta Air Lines នៅអាកាសយាន

ដ្ឋានទីក្រុង Chicago តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

ជើងហោះហើរ ANA មួយផ្សេងទៀតត្រូវបានគេរាយការណ៍ថាត្រូវត្រឡប់មកវិញកាលពីថ្ងៃសៅរ៍បន្ទាប់ពីបន្ទះគម្របទ្វារកាប៊ីនយន្ដហោះBoeing 737-800បានជ្រុះបាត់។

អ្នកជំនាញអាកាសចរណ៍នៅសាកលវិទ្យាល័យ Central Queensland លោក Doug Drury បានប្រាប់ AFP ថាឧប្បត្តិហេតុទាំងនេះ “កើតឡើងលើយន្តហោះ” ដោយសារតែអាកាសយានដ្ឋានដែលមានយន្តហោះច្រើនមួយនេះកំពុងស្ថិតនៅក្នុងដំណើរការសាងសង់។

លោក​បាន​បន្ថែម​ថា​ឧបទ្ទវហេតុរបើកបន្ឋះគម្របទ្វារកាប៊ីនយន្ដហោះ​ជ្រុះបាត់​​អាច​បណ្តាល​មក​ពី​ប្រព័ន្ធ​កម្តៅ​ទ្វារយន្តហោះ​មាន​បញ្ហា​ដោយសារ​សម្ពាធសីតុណ្ហភាព​មាន​កម្រិត​ខ្លាំង​នៅ​ក្នុងរយៈ​កម្ពស់ខ្ពស់​​។

“នេះ​មិន​មែន​ជា​រឿង​ចម្លែកនោះ​ទេគឺវា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំនៅ​ក្នុង​អំឡុង​ពេលដែល​ខ្ញុំ​ស្ថិតនៅក្នុងអាជីព​ជាអ្នកបើកយន្តហោះ “។

ប្រភព៖ AFP/lk