ព័ត៌មានជាតិ

យន្តការច្រកចេញចូលតែមួយទទួលការសាទរពីប្រទេសមួយចំនួននិងធនាគារពិភពលោក

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា  យន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាលខេត្ត រាជធានី ស្រុកក្រុងខណ្ណនិងឃុំ សង្កាត់ទទួលការសាទរពីប្រទេសស្វីស  អាល្លឺម៉ង់នៃសហភាពអឺរ៉ុបនិងធនាគារពិភពលោកផងដែរ ។ចំណុចនេះមានន័យថា មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាយើងដែលជាអ្នកទទួលផលនោះទេ  ដែលពេញចិត្តនិងសាទរសោមនស្សរីករាយនោះ ។

សូមបញ្ជាក់ថា លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រីកែ សួនសុភី កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នងមាន ៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែងស្ថិតក្នុងភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។

មានប្រធានបទសំខាន់ៗ ជាច្រើនដែលលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានលើកឡើងក្នុងវេលាដ៏ខ្លីនោះ  ប៉ុន្តែចំណុចយន្តការច្រកចេញ ចូលតែមួយនេះលោកថា យើងបានអនុវត្តបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវស្របតាមការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។

តំណាងអោយអ្នកទទួលផល លោកអ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : អគារសិក្សា១ខ្នងមាន ៥បន្ទប់ នៅសាលាបឋមសិក្សាប្រាសាទត្បែងជាអំណោយរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រីកែ សួនសុភី។

ដែលកសាងឡើងដើម្បីបំពេញសំណូមពររបស់អាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស សិស្ស គណ:គ្រប់គ្រងនិងលោកគ្រូអ្នកគ្រូដែលនឹងធ្វើជាថ្នាក់រៀន បម្រើដល់វិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស។ លោកអ៊ុំ រាត្រី បានបន្តថា :”អគារសិក្សានេះបានចារឹកជាតឹកតាងបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋនៅទីនេះដែលចងចាំ ដឹងជានិច្ចគុណូបក្ការ:នេះ “។

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ពាំនាំបណ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំគណបក្សកាន់អំណាចនិងពីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមកជូនបងប្អូនមន្ត្រីរាជការស៊ីវិល កងកម្លាំង លោកគ្រូអ្នគគ្រូ សិស្សានុសិស្ស ។

លោកបានណែនាំអោយយកចិត្តទុកដាក់លើសុខភាព   មុខរបររកស៊ីធ្វើការសុចរិត ត្រឹមត្រូវនិងចួលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល!និងផែនការភូមិឃុំមានសុវត្ថិភាព។ពោលគឺចៀសឆ្ងាយពីបទល្មើស  គ្រឿងញៀននិងអបាយមុខផ្សេងៗ ។

ចំពោះក្មួយៗសិស្សានុសិស្សសូមបន្តខិតខំរៀនសូត្រជាបន្ថែមទៀត លោកអភិសន្តិបណ្ឌិត ស សុខា ដែលជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ គ.ជ.អ.ប. បានជម្រាបជូនប្រជាពលរដ្ឋ និងអង្គពិធីនាឱកាសនោះថា យន្តការច្រកចេញចូលតែមួយ បាននឹងកំពុងដំណើរការនៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ រយៈពេល១៣ឆ្នាំមកហើយ ដោយទទួលបាននូវការពេញចិត្ត និងអបអរសាទរជាអតិប្បមាពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកស្នើសុំសេវានានា។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា មិនត្រឹមតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ យន្តការច្រកចេញចូលតែមួយ ក៏ទទួលបានការសាទរពីបណ្ដាប្រទេស និងអង្គការអន្តរជាតិ ជាដៃគូផងដែរ តួយ៉ាងរដ្ឋាភិបាលស្វីស រដ្ឋាភិបាលអាល្លឺម៉ង់ និងធនាគារពិភពលោក សុទ្ធតែបង្ហាញការទទួលស្គាល់ដូចៗគ្នាអំពីគុណភាពនិងភាពលឿនរហ័ស ធៀបនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន លើការពង្រីកយន្តការពីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតបច្ចុប្បន្នកំពុងបន្តពង្រីកដល់ថ្នាក់ឃុំ សង្កាត់។

គួរកត់សម្គាល់ថា គិតត្រឹមដើមឆ្នាំ២០២៤ នេះ គ.ជ.អ.ប. បានសម្របសម្រួលការផ្ទេរមុខងារជាមួយក្រសួង-ស្ថាប័ននានាបានប្រមាណជាង៨០០មុខងារ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តប្ដេជ្ញាចិត្តក្នុងការពង្រីកការផ្ទេរមុខងារបន្ថែមទៀតជាជំហ៊ានៗ ជាក់ស្ដែងនៅដើមឆ្នាំ២០២៤នេះ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានទទួលការផ្ទេរមុខងារគ្រប់គ្រងវិស័យអប់រំ។

ពីវេទិកានៃកម្មវិធីនោះដែរលោកអភិសន្តិបណ្ឌិត ក៏បានរំលឹកអំពីសារៈសំខាន់នៃការបន្តថែរក្សាការពារសុខសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី រកបានដោយកម្រ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ ការអនុវត្តកម្មវិធីស្ដង់ដារសាលារៀនគម្រូរបស់រាជរដ្ឋាភិបាល ការបន្តប្រយុទ្ធប្រឆាំងគ្រឿងញៀន ការថែរក្សាការពារទ្រព្យសម្បត្តិសាធារណៈ រួមទាំងសមិទ្ធផលដែលសម្ពោធនាថ្ងៃនេះ ៕