ព័ត៌មានជាតិ

កាត់ឬសសីមាវត្តជម្ពូវណ្ណារាមក្បាលទន្សោងស្រុកថ្មពួកដែលចំណាយអស់១៨៣,៣៩៣ ដុល្លារ

ដោយ : បន្ទាយ

បន្ទាយមាន័យ៖ព្រះវិហារដ៏តូច១ តែស្រស់ស្អាតស្ថិតនៅវត្តជម្ពូវណ្ណារាមក្បាលទន្សោង ក្នុងភូមិក្បាលទន្សោងឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ត្រូវចំណាយសាងសង់អស់ថវិកាចំនួន១៨៣,៣៩៣ ដុល្លារអាមេរិកដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមលោកជំទាវប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមកសាង ។

ឥឡូវរួចរាល់ជាស្ថាពរនិងធ្វើបុណ្យកាត់ឬសសីមានាត្រង់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី -រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួន សុភី ស សុខា និងនិមន្ត  អញ្ជើញចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ សមត្ថកិច្ច កងកម្លាំង និងអ្នកពាក់ព័ន្ធជាច្រើន ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ព្រះវិហារតូចមួយនេះសាងសង់លើផ្ទៃដីទំហំ១៩៤ម៉ែត្រគុណ១៧៥,៥ម៉ែត្រ ត្រូវចំណាយសាងសង់អស់ថវិកាចំនួន១៨៣,៣៩៣ ដុល្លារដែលជាសទ្ធាជ្រះថ្លារបស់ឯកឧត្តមលោកជំទាវប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួមកសាង ។

លោកអ៊ុំ រាត្រី បានបន្តថា :វត្តជម្ពូរវណ្ណារាមដែលប្តូរមកជាឈ្មោះជម្ពូរវណ្ណារាមក្បាលទន្សោងនៅភូមិក្បាលទន្សោង ។ វត្តមានប្រវត្តិបង្កើតនិងកសាងឡើងពីឆ្នាំ១៩៦៩  ដែលមានព្រះគ្រូមាស វ៉ោន និងអាចារ្យរ៉ត ព្រឿង ។

ដោយអាក់ខាននិងត្រូវបានបំផ្លិចបំផ្លាញក្នុងសម័យប៉ុលពត ។លុះដល់ឆ្នាំ១៩៨២ ទើបគេអាចកសាងវត្តនេះឡើងវិញដែលឆ្លងកាត់ព្រះគ្រូចៅអធិការវត្ត៥អង្គ។ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្នគឺព្រះគ្រូតូច ផុន ជាចៅអធិការនិងមានលោកតាក់ តូ ជាប្រធានអាចារ្យ។

ក្នុងនោះ ឆ្លងកាត់ការធ្វើសង្ឃកម្មផ្សេងៗ ទើបពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាមួយលោកប្រាក់ គឹមសាន និងលោកស្រីគឹម ណាវី បានផ្តើមកសាងវិហារតូចមួយនេះពីថ្ងៃទី១០ខែធ្នូឆ្នាំ២០២១ ហើយរួចរាល់នៅថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៣ ។

នាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសូមថ្លែងអំណរព្រះគុណ អរគុណចំពោះព្រះតេជគុណ ឯកឧត្តមលោកជំទាវ ពុទ្ធបរិស័ទជិតឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា រួមសាមគ្គីគ្នាជួយកសាងសមិទ្ធផលនានាក្នុងវត្តនេះ ។

លោកថា សមិទ្ធផលនេះគឺជាការផ្សារភ្ជាប់មិនអាចខ្វះបានរវាងផ្នែកអាណាចក្រ និងពុទ្ធចក្រ និងក៏សូមធ្វើការកោតសរសើរ ថ្លែងអំណរគុណដល់សប្បុរសជន ពុទ្ធបរស័ទ,ស្មារតីយកចិត្តទុកដាក់ គាំទ្រថវិកា កសាងព្រះវិហារក៏ដូចជាសមិទ្ធផលក្នុងវត្ត ។

ចុងក្រោយ លោក ស សុខា ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ក្រុមយុវជនគឺធ្វើយ៉ាងណាគោរពច្បាប់ចរាចរណ៍ផ្លូវគោក គ្មានអំពើហិង្សា គ្មានការប្រើប្រាស់ជួញដូរគ្រឿងញៀនគ្រប់ប្រភេទនិងគ្មានក្មេងទំនើង បងតូចបងធំនោះឡើយ៕