ព័ត៌មានជាតិ

ស្រុកបន្ទាយមាសសហការជាមួយផ្នែកពាក់ព័ន្ធចុះបូមទឹកជួយស្រោចស្រពស្រូវប្រាំងរបស់កសិករ

ដោយ៖ កំចាយ

កំពត÷ ដោយមើលឃើញពីបញ្ហាប្រឈមសម្រាប់ស្រូវប្រាំងរបស់ប្រជាកសិករ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរស្រុកបន្ទាយមាស សហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ព្រមទាំងមានការចូលរួមពីបុគ្គលិកក្រុមហ៊ុន K-Cement បាននាំយកគ្រឿងចក្រចុះបូមទឹកដើម្បីបញ្ចៀសការខូចខាតស្រូវប្រាំងរបស់កសិករជាង១ម៉ឺនហិកតា។

លោក នូរ ច័ន្ធដា អភិបាលស្រុកបន្ទាយមាសបានប្រាប់ឱ្យដឹងថា ក្រោមកិច្ចសហការរវាងអាជ្ញាធរ និងមន្ត្រីមន្ទីរធនធានទឹក ព្រមទាំងមានការចូលរួមពីក្រុមហ៊ុន K-Cement ផង ថ្ងៃនេះកម្លាំងចម្រុះបានប្រើគ្រឿងចក្របូមទឹកបញ្ចូលប្រឡាយមេ និងប្រឡាយរងដើម្បីឱ្យកសិករបន្តបូមចូលស្រែរបស់ពួកគាត់នៅទូទាំងស្រុកសរុប១០.១៧៨ហិកតាដែលប្រឈមនឹងកង្វះខាតទឹក។ អ្វីដែលបានបង្កភាពងាយស្រួលសម្រាប់អាជ្ញាធរគឺស្រុកបន្ទាយមាសសម្បូរប្រភពទឹក ដូចជា បឹង ព្រែក ស្រះធំៗ រួមជាមួយប្រឡាយមេ ប្រឡាយរងយ៉ាងច្រើនខ្វាត់ខ្វែង។ លោកអភិបាលស្រុកបានបញ្ជាក់ថា កាលពីឆ្នាំកន្លងទៅ កសិករទូទាំងស្រុកបានធ្វើស្រូវរដូវប្រាំងលើផ្ទៃដីតែ៦.០០០ហិកតា ខណ:ដែលឆ្នាំនេះពួកគាត់ធ្វើរហូតដល់ជិត១០.២០០ហិកតាឯណោះ។


ទោះជាបែបនោះក្តី មកដល់ថ្ងៃនេះមិនទាន់មានស្រូវប្រាំងរបស់កសិករក្នុងគ្រួសារណាមួយរងការខូចខាតនៅឡើយទេ។ នេះគឺជាការទប់ស្កាត់ដើម្បីបញ្ចៀសភាពខាតបង់ស្របតាមប្រសាសន៍ណែនាំពីលោកអភិបាលខេត្តកំពត។

ជាមួយសកម្មភាពខាងលើ ប្រជាកសិករក្នុងស្រុកបន្ទាយមាសបានបង្ហាញក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុកបន្ទាយមាស ក៏ដូចជាមន្ត្រីពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ និងគិតគូរពីការលំបាករបស់ពួកគាត់។ ប្រជាពលរដ្ឋសង្ឃឹមថាការបង្កបង្កើនផលស្រូវប្រាំងឆ្នាំនេះនឹងទទួលបានទិន្នផលច្រើនតាមរយ:ការជួយបញ្ចៀសបញ្ហាប្រឈមពីសំណាក់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ៕