ព័ត៌មានជាតិ

ពលរដ្ឋស្នើសុំថ្នាក់ដឹកនាំជួយទប់ស្កាត់និងជួសជុលស្ពានដែលខូចខ្លាំងដោយសាររថយន្តធំៗឆ្លងកាត់

ដោយ:សុខុម
ស្ទឹងត្រែង:ពលរដ្ឋរស់នៅភូមិអន្លង់ស្វាយឃុំអូររៃស្រុកថាឡាបរិវ៉ាត់បានស្នើទទូចដល់អាជ្ញាធរស្ថាប័នពាក់ព័ន្ធជួយទប់ស្កាត់រថយន្តធំៗជាពិសេសរថយន្តដឹកដំឡូងមីឆ្លងកាត់ស្ពានដែលបណ្ដាលឲ្យខួចខ្លាំងជួសជុលនិងរកវិធីទប់ស្កាត់ផង។


ប្រជាពលរដ្ឋបានឲ្យដឹងថាមានរថយន្តប្រភេទធំៗដឹកដំឡូងមីចេញចូលឆ្លងកាត់ស្ពានដែកចំនួន២ក្នុងឃុំអូររៃមិនថាយប់ឬថ្ងៃទេតែងតែបង្កឲ្យដែកស្ពាននៅចំពាក់កណ្ដាលធ្លុះធ្លាយបច្ចុប្បន្នពលរដ្ឋដាក់ក្តាក្រាលបណ្ដោះអាសន្នសិនតែប៉ុណ្ណោះ។
ពលរដ្ឋយល់ថាស្ពានដែកដែលបានសាងសង់មកហាក់មិនមានភាពរឹងមាំដូចជាស្ពានថ្មទេ។នៅពេលទឹកឡើងធ្វើឲ្យរង្គឺច្រោះសសរស្ពាន។លុះពេលមានរថយន្តធំៗឆ្លងកាត់ធ្វើឲ្យស្ពានមិនហ្នឹងនប្រែក្លាយជាទ្រុឌទ្រោមប្រឈមទៅនឹងការបាក់ស្រុតចុះ។


ពលរដ្ឋស្នើសុំដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធជួយទប់ស្កាត់ឬបញ្ចេញថវិកាជួសជុលស្ពានដែលខូចនោះឡើងវិញ។
លោកសរគឹមណាតប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានឲ្យដឹងថាផ្លូវស្ពានមួយខ្សែក្រួសក្រហមដែលតភ្ជាប់ពីស្រុកថាឡាបរិវ៉ាត់ទៅស្រុកសៀមបូកតាមបណ្ដោយដងទន្លេគឺមិនស្ថិតនៅក្នុងការគ្រប់គ្រងឬចំណាយរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តឡើយ។


លោកឯកសំឡូនាយកទីចាត់ការហិរញ្ញវត្ថុខេត្តបាននិយាយថាចំពោះផ្លូវមួយខ្សែនោះបានប្រើប្រាស់រយៈពេល៣ឆ្នាំមកហើយ។អាជ្ញាធរឃុំគឺជាអ្នកអនុញ្ញាតឲ្យមានរថយន្តធុនធ្ងន់ឆ្លងកាត់បណ្ដាលឲ្យខូចស្ពាន។


លោកម៉ែនគុងអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបាននិយាយថាដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈឲ្យនៅបានល្អស្នើសុំទៅម្ចាស់យានយន្តដែលផ្ទុកលើសទម្ងន់ឬរថយន្តធំៗចូលរួមប្រើប្រាស់ផ្លូវកុំផ្ទុកលើសចំណុះឆ្លងកាត់ជៀសវាងប្រើប្រាស់មិនបានយូរអង្វែង។
លោកស៊នសារឿនអភិបាលស្រុកថាឡាបរិវ៉ាត់បាននិយាយថានៅចំពោះមុខស្រុកនឹងរៀបចំជួសជុលស្ពានដែកខូចនោះឡើងវិញ៕