សន្ដិសុខសង្គម

បុរសម្នាក់សម្លាប់ប្រពន្ធរួចលេបថ្នាំបញ្ចប់ជីវិតតាមក្រោយតែមិនស្លាប់

ដោយ:សុខុម

ភ្នំពេញ ៖បុគ្គលិកធនាគារម្នាក់ត្រូវបានគេជួយសង្គ្រោះឲ្យរួចផុតពីការស្លាប់បន្ទាប់ពីសម្លាប់ប្រពន្ធខ្លួនឯងហើយលេបថ្នាំបញ្ចប់ជីវិតតាមក្រោយ។
ករណីប្ដីសម្លាប់ប្រពន្ធនេះបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នៅផ្ទះលេខ៩១ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។


សាក្សីកន្លែងកើតហេតុបាននិយាយថាអ្នករស់នៅក្នុងដីឡូត៍ក្បែរផ្ទះជាប់គ្នាបានឮសំឡេងឈ្លោះប្រកែកយ៉ាងខ្លាំងមួយសន្ទុះក្រោយមកក៏ស្ងាត់ទៅវិញ។
ពេលនោះអ្នកជិតខាងក៏បានទៅមើលស្រាប់តែឃើញមានមនុស្សដេកស្លាប់នៅក្នុងផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលតែម្ដង។


ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចក៏បានចុះទៅពិនិត្យមើលស្រាប់តែឃើញជនរងគ្រោះត្រូវគេវាយក្បាលនឹងញញួរបណ្ដាលឱ្យស្លាប់ហើយញញួរក៏នៅក្បែរនោះផងដែរ។ប៉ុន្តែមានក្រដាសមួយសន្លឹកជាភស្តុតាងសរសេរៀបរាប់ពីទុក្ខលំបាកផ្លូវចិត្តទំនងជាខាងប្ដីចោទប្រកាន់ទៅលើប្រពន្ធផិតក្បត់។


គ្រួសារមួយនេះមុនពេលកើតហេតុរស់នៅហាក់មិនចុះសម្រុងនឹងគ្នាទាល់តែសោះគឺតែងតែឈ្លោះប្រកែកគ្នារហូតមក។រីឯភាគីខាងប្រពន្ធបានសុំលែងលះប៉ុន្តែមិនទាន់ដាច់ស្រេច។
ពួកគេទាំងពីរនាក់បានបន្សល់ទុកកូនស្រីតូចមួយឲ្យនៅកំព្រា។ចំពោះរឿងរ៉ាវទាំងអស់នេះអាចនឹងកើតឡើងដោយសារការប្រចណ្ឌ។ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅតែបន្តបើកការស៊ើបអង្កេតបន្ថែមទៀតទៅលើឃាតកម្មដែលបានកើតឡើង៕