អន្តរជាតិ

តើអ្នកដឹងទេមហាសេដ្ឋីពិភពលោក៥រូបបានប្រមូលយកទ្រព្យសម្បត្តិដ៏មហាសាលកើនឡើងទ្វេដងចាប់ពីឆ្នាំ២០២០?

ប្រែសម្រួល៖ ស.សម្បត្តិ

ដាវ៉ូស៖ អង្គការសប្បុរសធម៌ Oxfam បាននិយាយកាលពីថ្ងៃចន្ទ ទី១៥ មករាថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីទាំង ៥ រូបនៅលើពិភពលោកមានការកើនឡើងទ្វេដង គិតចាប់តាំងពីឆ្នាំ ២០២០មក។ Oxfam បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់លើពិភពលោកឲ្យចាត់វិធានការរឹតបន្តឹងពន្ធដើម្បីទប់ស្កាត់ឥទ្ធិពលអ្នកមានជ្រុលនៅលើពិភពលោក។

អង្គការសប្បុរសធម៌ Oxfam បានចេញផ្សាយរបាយការណ៏ស្តីពីក្រុមឥស្សរជនពិភពលោកនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុង Davos នៅក្នុងសប្តាហ៍នេះដោយបាននិយាយថាទ្រព្យសម្បត្តិរបស់ពួកគេបានកើនឡើងពី ៤០៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ ដល់ ៨៦៩ ពាន់លានដុល្លារកាលពីឆ្នាំ មុន។

អង្គការសប្បុរសធម៌ Oxfam បានធ្វើការគូសបញ្ជាក់ថា បើគិតចាប់តាំងពីឆ្នាំ ២០២០ អត្រាកំណើននៃភាពក្រីក្រមានចំនួនជាង ៥ ពាន់លាននាក់នៅទូទាំងពិភពលោកដែលអ្នកទាំងនោះកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។

មហាសេដ្ឋីសព្វថ្ងៃនេះមានទ្រព្យសម្បត្តិកើនឡើងចាប់ពី ៣.៣ ពាន់ពាន់លានដុល្លារអាមេរិក ច្រើនជាងកាលពីឆ្នាំ ២០២០ បើទោះបីជាបានឆ្លងកាត់វិបត្តិជាច្រើនដែលបានបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោកចាប់តាំងពីទសវត្សរ៍នេះក៏ដោយគឺរួមទាំងជំងឺរាតត្បាត COVID-19 ក៏ដោយ។

នាយកបណ្តោះអាសន្ននៃអង្គការ Oxfam International លោក Amitabh Behar បានប្រាប់ AFP ថា “យើងមិនអាចបន្តបណ្តោយឲ្យមានគម្លាតនៃកម្រិតវិសមភាពទាំងនេះបានទៀតនោះទេ” ។

លោក​បាន​ចង្អុលបង្ហាញ​ថា “មូលធននិយម​គឺ​ជាចង្កោមពួក​អ្នក​មាន​ដ៏​ខ្ពស់បំផុត​” ។

អ្នក​មាន​ដ៏​ខ្ពស់បំផុតរហូតឈានដល់កម្រឹត “Trillionaire” ជាលើកដំបូងបង្អស់នៅក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះគឺបណ្តាលមកពីទ្រព្យសម្បត្តិរបស់អ្នកមានបំផុតលើពិភពលោកបានកើនឡើងតាមរបៀបស្រូបទាញដែលពួកគេបានព្យាករថានៅក្នុងរយៈពេលមួយទសវត្សរ៍ ពិភពលោកនឹងបានឃើញនូវការលេចធ្លោនៃ “មហាសេដ្ឋីផុតលេខ” ដំបូងបង្អស់។

អង្គការសប្បុរសធម៌មានការព្រួយបារម្ភពីគម្លាតវិសមភាពសកល រវាងបុគ្គលនិងក្រុមហ៊ុនដែលមានជាងគេបំផុតមិនត្រឹមតែមានទ្រព្យសម្បត្តិកាន់តែច្រើនដោយសារតែការកើនឡើងនូវតម្លៃភាគហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏មានអំណាចនិងឥទ្ធិពលកាន់តែខ្លាំងឡើងផងដែរ។

អង្គការសប្បុរសធម៌Oxfam បានបកស្រាយថា “អំណាចសាជីវកម្មត្រូវបានជំរុញឲ្យមានវិសមភាព ដោយវិធីកេងប្រវ័ញ្ជលើកម្មករគឺ “ច្របាច់ក” កម្មករដើម្បីជួយឲ្យម្ចាស់ភាគហ៊ុនដែលមានទ្រព្យសម្បត្តិ គេចផុតពីពន្ធ និងរកស៊ីតាមបែបឯកជនភាវូបនីយកម្មគឺរដ្ឋក្នុងរដ្ឋ”។

អង្គការសប្បុរសធម៌បានចោទប្រកាន់លើសាជីវកម្មថាបានប្រើឥទ្ធិពលបង្កឲ្យមាន “វិសមភាពប្រកបដោយនិរន្តរភាពលើការគេចពន្ធ”។

អង្គការសប្បុរសធម៌ Oxfam បាននិយាយថារដ្ឋបានធ្វើអនុប្រទានអំណាចទៅឲ្យក្រុមហ៊ុនផ្តាច់មុខ ដែលអនុញ្ញាតឲ្យសាជីវកម្មរបស់ពួកគេមានឥទ្ធិពលលើការកេងប្រវ័ញ្ចប្រាក់ឈ្នួលកម្មករដែលត្រូវចំណាយសម្រាប់បង់ថ្លៃអាហារនិងថ្នាំព្យាបាលដែលគួរតែត្រូវបានផ្តល់ឲ្យសមស្របសម្រាប់កម្មករអាចទទួលយកបាន។

អង្គការសប្បុរសធម៌Oxfam បានបន្ថែមថា “នៅលើពិភពលោក សមាជិកក្នុងវិស័យឯកជនបានខិតខំជំរុញឲ្យរក្សាអត្រាការប្រាក់ទាប តែភាពចន្លោះប្រហោងមានកាន់តែច្រើនឡើង ចំណែកតម្លាភាព និងវិធានការផ្សេងទៀតក្នុងគោលបំណងឲ្យមានការចូលរួមពីក្រុមហ៊ុននាៗឃើញថាមានចំណែកតិចតួចបំផុតសម្រាប់ជួយដល់ថវិកាសាធារណៈ” ។

អង្គការសប្បុរសធម៌បាន អរគុណចំពោះការខិតខំបញ្ចុះបញ្ចូលយ៉ាងយកចិត្តទុកដាក់លើការបង្កើតគោលនយោបាយពន្ធសាជីវកម្មដែលអាចបង់ក្នុងកម្រឹតទាបហេតុនេះរដ្ឋាភិបាលអាចនឹងផ្គត់ផ្គង់មូលនិធិជួយដល់ជនក្រីក្របំផុតនៅក្នុងសង្គម។

អង្គការសប្បុរសធម៌Oxfam បានកត់សម្គាល់ថា ពន្ធសាជីវកម្មបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងបណ្តាប្រទេស OECD គឺចាប់ពី ៤៨ ភាគរយក្នុងឆ្នាំ ១៩៨០ មកនៅត្រឹម ២៣.១ ភាគរយក្នុងឆ្នាំ ២០២២។

ដើម្បីដោះស្រាយអតុល្យភាពនេះ អង្គការ Oxfam បានអំពាវនាវឲ្យមានពន្ធលើទ្រព្យសម្បត្តិរបស់មហាសេដ្ឋីលំដាប់ប្រទេស និងមហាសេដ្ឋីលំដាប់ពិភពលោក ដែលអាចរកប្រាក់ចំណូលបានចំនួន ១.៨ ពាន់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​នាយក​ប្រតិបត្តិ និងវិធានកាលើកកម្ពស់សាជីវកម្ម​សម្រាប់វិស័យ​ឯកជនផងដែរ៕

ប្រភព៖ AFP/fs