ព័ត៌មានជាតិ

ចុះពិនិត្យនិងសិក្សាការបាក់ស្រុតច្រាំងទន្លេមេគង្គប្រវែងជាង១.០០០ម៉ែត្រនៅស្រុកស្ទឹងត្រង់

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយម ចុះពិនិត្យ និងសិក្សា ដើម្បីពិនិត្យលទ្ធភាពជួសជុល និងស្តារឡើងវិញនូវ ច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតអស់ប្រវែងជាង ១.០០០ ម៉ែត្រ និងប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋប្រមាណ ៤០ គ្រួសារក្នុងភូមិសាស្រ្តស្រុកស្ទឹងត្រង់នៅព្រឹកថ្ងៃទី ១៦ មករានេះ។


លោកអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា៖ ក្នុងនោះច្រាំងទន្លេដែលបានបាក់ស្រុតចម្ងាយជាង១.០០០ ម៉ែត្រខាងលើមាននៅក្នុងឃុំព្រែកកក់,ឃុំពាមកោះស្នា,ឃុំព្រះអណ្តូង និងឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់។ ដោយការបាក់ស្រុតច្រាំងទន្លេនេះ តែងកើតមាននៅរដូវទឹកទន្លេស្រកចុះវិញ បានបង្កឱ្យប៉ះពាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ និងផ្លូវធ្វើដំណើរមានបេតុង និងកៅស៊ូមួយចំនួននៅជាប់មាត់ទន្លេ។


លោកបានបន្តថា៖ ដោយសារបញ្ហាគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ ទើបក្រុមការងាររដ្ឋបាលខេត្ត និងក្រសួងធនធានទឹក និងឧតុនិយមបានសហការគ្នាចុះពិនិត្យពីស្ថានភាពជាក់ស្តែងលើទីតាំងច្រាំងបាក់ ដើម្បីធ្វើការសិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគោលការណ៍ ពិនិត្យលទ្ធភាព ការជួសជុល និងស្តារឡើងវិញនូវច្រាំងទន្លេមេគង្គដែលបានបាក់ស្រុតជាបន្ទាន់៕