ព័ត៌មានជាតិ

អាជ្ញាធរខេត្តបញ្ជាអោយជួសជុលផ្លូវកៅស៊ូជនបទដែលស្រុតនៅស្រុកមង្គលបូរីឲ្យបានលឿន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានបញ្ជាអោយដាក់សញ្ញាព្រមាន ហើយជួសជុលចំណុចនៃផ្លូវជនបទបត់ត្រង់-រហាត់ទឹកក្រាលកៅស៊ូដែលស្រុតនិងហែកនៅភូមិបត់ត្រង់តូចឃុំបត់ត្រង់ស្រុកមង្គលបូរីជាបន្ទាន់ដើម្បីបង្ការកុំអោយផ្លូវខូចខាតបន្ថែមទៀត និងបញ្ជៀសគ្រោះថ្នាក់ជាយថាហេតុដល់យានយន្តនិងអ្នកធ្វើដំណើរឆ្លងកាត់។

រដ្ឋបាលឃុំបត់ត្រង់និងស្រុកមង្គលបូរីបានចេញសេចក្តីជូនដំណឹងស្តីពីផ្លូវបាក់ស្រុត ហែកចូលស្ទឹងមង្គលបូរីនៅចំណុចដូចខាងលើដែលកើតឡើងកាលពី២ថ្ងៃមុននេះ ។

ព្រោះថា រាល់ការធ្វើដំណើរ ដឹកជញ្ជូន សូមមេត្តាប្រុងប្រយ័ត្ន ក្រែង មានគ្រោះដោយយថាហេតុ។

នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤លោក  រ័ត្ន  ដាស៊ីណង់   អភិបាល ស្រុក មង្គលបូរី  និង ក្រុម ការងារ បានចុះពិនិត្យផ្លូវបាក់ស្រុតចូលស្ទឹង នៅចំភូមិបត់ត្រង់តូច ឃុំបត់ត្រង់នោះ។

លុះដល់ម៉ោ១ព្រឹកថ្ងៃ ទី ១៥ មករា ២០២៤  លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  , លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  មន្ត្រីទីចាត់ការហិរញ្ញវត្ថុសាលាខេត្តក៏បាន ចុះពិនិត្យស្ថានភាពផ្លូវបាក់ស្រុតនោះ ហើយណែនាំអោយមន្ទីរជំនាញនិងអាជ្ញាធរធ្វើការជួសជុលបន្ទាន់ ដើម្បីបញ្ជៀសគ្រោះថ្នាក់និងខូចខាតបន្ថែម ។

លោកជា យុទ្ធារុណ  បានប្រាប់អ្នកយកព័ត៌មានCambodia Flash News នៅថ្ងៃទី១៥ខែមករា ឆ្នាំ២០២៤ ថា:ផ្លូវជនបទ(ឃុំ)បត់ត្រង់-(ឃុំ)រហាត់ទឹក នាស្រុកមង្គលបូរីនេះ មួយផ្នែកធំសណ្តូកប្របមាត់ស្ទឹងមង្គលបូរីមានប្រវែងសរុប៨,៩គម ។ផ្លូវនេះបានរងការខូចខាតធ្ងន់ធ្ងរស្រាប់ហើយដោយទឹកជំនន់រាល់ឆ្នាំ គិតពីឆ្នាំ២០១៧  ប៉ុន្តែបានជួសជួលត្រឹមលុបអាចម៌ដីនូវជង្ហុកធំនៃកំណាត់ផ្លូវដាច់នៅចំណុចខ្លះប៉ុណ្ណោះ ។

រីឯការជួសជុលអោយល្អឡើងវិញទាំងស្រុង ក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងសិក្សាលម្អិតនិងលើកគម្រោងហើយ។

លោកបានបន្តថា : ចំពោះចំណុចដែលផ្លូវជនបទនេះខូចខាតដោយបាក់ស្រុត ហែកនៅភូមិបត់ត្រង់តូចឃុំបត់ត្រង់នោះមានបណ្តោយប្រវែង២០ម៉ែត្រនិងចុះតាមច្រាំងស្ទឺងប្រវែង៣ផម៉ែត្រ ។

ហេតុនេះ យោងបទបញ្ជារលោកអ៊ុំ រាត្រី អភិបាលខេត្តគឺមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងទីចាត់ការហិរញ្ញវត្ថុត្រូវចាត់ការជាមួយដៃគូស្ថាបនាដោយបុកជើងសសរគ្រឹះទប់គ្រឹះផ្លូវ៥០ម៉ែត្រ ចាក់បង្ហាប់ដីនិងថ្មទប់ ដើម្បីបង្ការវាបាក់ស្រុត ហែកតួផ្លូវ បង្ការគ្រោះថ្នាក់ជាយថាហេតុដល់យានយន្តនិងអ្នកដំណើរឆ្កងកាត់។

ចំពោះមូលហេតុខូចខាតផ្លូវនេះ លោកជា យុទ្ធារុណ ស្រង់សម្តីមន្ត្រីបច្ចេកទេសនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន ដែលថា :មកពីមូលហេតុដើមចាន់គិរីធំ១ដើមនៅមាត់ស្ទឹងត្រង់ចំណុចនោះបានរលើងធ្លាក់ចូលស្ទឹង ដែលបង្កអោយបែក បាក់ស្រុតតួផ្លូវជនបទនេះ ៕