សន្ដិសុខសង្គម

សមត្ថកិច្ចនគរបាលចុះជួបនិងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងខារ៉ាអូខេនៅទូទាំងក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖សមត្ថកិច្ចនគរបាលបានចុះជួបនិងធ្វើកិច្ចសន្យាជាមួយម្ចាស់ហាងខារ៉ាអូខេ(Karaoke) ទូទាំងក្រុងប៉ោយប៉ែតលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ គ្រឿងញៀន ជួញដូរផ្លូវភេទ អាណាចារ្យ ល្បែងស៊ីសង ជក់ស៊ីហ្សារ បង្កសម្លេងរំខាន មិនប្រព្រឹត្តបទល្មើសផ្សេងៗនិងផ្នែកជំនាញពាក់ព័ន្ធ។

មន្ត្រីសមត្ថកិច្ចអោយដឹងកាលពីថ្ងៃទិ១៤ខែមករាឆ្នាំ២០២៤ ថា: ការចុះធ្វើកិច្ចសន្យាបែបនេះ បន្ទាប់ពីមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ  សិទ្ធិ  ឡោះ  ស្នងការនគរបាលខេត្តបន្ទយមានជ័យ, លោកវរសេនីយ៍ឯក  សៅ  សារឿន  អធិការនគរបាលក្រុងប៉ោយប៉ែតបានបញ្ជានិងដាក់ទិសដៅដល់កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននិងប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ទាំង៥ ។

ពោលគឺត្រូវចុះធ្វើកិច្ចសន្យាតាមខារ៉ាអូខេ ក្លិបកំសាន្តទាំងអស់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ។ជាបន្តបន្ទាប់ កម្លាំងជំនាញនគរបាលបានឲ្យធ្វើកិច្ចសន្យារួចមានខារ៉ាអូខេធំៗ ចំនួន ២ពីរកន្លែងគឺ៖ខារ៉ាអូខេយីហោ  ជីប្រាំបួន  (G9)និងខារ៉ាអូខេយីហោ  អេហ្សីបខេធីវី(A ZIB  KTV។

បើតាមលោកវរសេនីយ៍ឯក  សៅ  សារឿន  អធិការនគរបាលបានបញ្ជាក់ថា:”សមត្ថកិច្ចនិងបន្តធ្វើកិច្ចសន្យាបែបនេះគ្រប់ទីតាំងខារ៉ាអូខេទាំងអស់  ដែលមាននៅក្នុងក្រុងប៉ោយប៉ែត ដោយមិនលំអៀងបក្ខពួកទេ “។

ទោះបីជាកន្លងមកមានការរិះគន់ មានភស្តុតាងមួយចំនួនថានៅហាងការ៉ាអូខេខ្លះមានបញ្ហាបទល្មើសដូចជាលួចប្រើប្រាសគ្រឿងញៀន ជក់បារីស៊ីហ្សា បង្កអំពើហិង្សានិងអនុវត្តមិនត្រឹមត្រូវតាមច្បាប់តាមបទបញ្ជានិងការណែនាំក្តី  ក៏ពេលសមត្ថកិច្ចចុះទៅពិនិត្យនិងធ្វើកិច្ចសន្យានោះ លោកវរសេនីយ៍ឯកសៅ សារឿន អោយដឹងថា គេរកមិនឃើញវាទេដូចការចោទប្រកាន់ ឬមិនមានទៀតទេ៕