ព័ត៌មានជាតិ

សមណសិស្ស សិស្សប្រឡងធម្មវិន័យ ថ្នាក់ត្រី ទោ ឯក(វគ្គ១) ទូទាំងខេត្តបន្ទាយមានជ័យ

ដោយៈ បន្ទាយ

បន្ទាយមានជ័យ៖ សមណសិស្ស សិស្សប្រឡងធម្មវិន័យ ថ្នាក់ត្រី ទោ ឯក(វគ្គ១) ទូទាំងខេត្តបន្ទាយមានជ័យមានការយាង និមន្តនិងអញ្ជើញពិនិត្យនិងបើកវិញ្ញាសារប្រឡងដោយព្រះគ្រូធុល សុធា ព្រះមេគណខេត្តគណ:មហានិកាយ ,ព្រះគ្រូវ៉ា ចិន្តា ព្រះមេគណខេត្តគណ:ធម្មយុត្តិនិកាយ លោក យឹមសំណាង អភិបាលរងខេត្តបន្ទាយមានជ័យ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត លោកខឹម តាំងស៊ុន អនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក លោកស្រីអភិបាលរងស្រុកក្រុងនិងសមណសិស្ស ចំនួន១.៦៥៩អង្គ/នាក់ និងមន្ត្រីកិត្តិយសពាក់ព័ន្ធជាច្រើននាក់ ។

លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានអោយដឹងនៅមណ្ឌលប្រឡងបឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនាសម័យប្រឡង ថ្ងៃទី  ១៤  ខែ  មករា  ឆ្នាំ២០២៤ថា : ទទួលការណែនាំរបស់ក្រសួងធម្មការនិងសាសនា មន្ទីរធម្មការសាសនាខេត្តបន្ទាយមានជ័យ បានសហការជាមួយសាលាគណខេត្តទាំង២គណៈ មន្រ្តីសង្ឃទាំងពីរគណៈ និងទទួលការ ណែនាំអនុញ្ញាតពីលោកអភិបាលខេត្តផង ដើម្បីរៀបចំការប្រឡងធម្មវិន័យ(វគ្គ១) ថ្នាក់ ត្រី ទោ ឯក ។

មានសាមណសិស្ស ,សិស្សដែលជាបេក្ខជន / នារី ចូលប្រឡងរួមមានចំនួន១.៦៥៩អង្គ/នាក់ និមន្តមកពីតាមបណ្តាវត្តនានា ក្នុង ក្រុង ស្រុកទាំង៩ក្នុងខេត្តបន្ទាយមានជ័យ ។

ក្នុងនោះមានថ្នាក់ត្រីមានចំនួន ៣៦បន្ទប់ មានបេក្ខសមណៈ បេក្ខជនមានចំនួន ៨៩៧ អង្គ/នាក់ ថ្នាក់ទោមាន១៨បន្ទប់ មានបេក្ខសមណៈ បេក្ខជនមានចំនួន៤៤៥អង្គ/នាក់

ថ្នាក់ឯកមាន១៣បន្ទប់មានបេក្ខសមណៈ បេក្ខជនមានចំនួន៣១៦អង្គ/នាក់ សរុប មានចំនួន ១.៦៥៩អង្គ/នាក់។មានវិញ្ញាសាការប្រឡងមានចំនួន៤មុខវិជ្ជា :ពេលព្រឹកមាន២វិញ្ញាសាគឺវិញ្ញាសាគឺ ប្រជុំកងធម៍ និង ពុទ្ធប្បវត្តិ ។

និងពេលរសៀលមាន២វិញ្ញាសាគឺវិញ្ញាសា :ព្រះវិន័យ វិញ្ញាសាសាសនសុភាសិត។

នាឱកាសនោះលោក យឹម សំណាង បានមានប្រសាសន៍ថា ក្នុងដំណាក់កាលទី១នីតិកាលទី៧នេះដឹកនាំដោយ សម្តេច មហាបវរធីបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា

បានកំណត់ជាអទិភាពគឺពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គម ប្រកបដោយ សីលធម៌ និងបរិយាបន្នដែលមានគោលដៅ លើការធ្វើពលរដ្ធភាវូបនីយកម្មឲ្យ មានសមត្ថភាព ប្រកបដោយសីលធម៌ គុណធម៌ សុចរិយាធម៌សុចរិតភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ។

ក្នុងនោះលោក យឹមសំណាង អភិបាលរងខេត្តបន្ទាយមានជ័យបាននិយាយថា : រដ្ឋបាលខេត្តសូមធ្វើការកោតសរសើរដល់ព្រះមន្ត្រីសង្ឃ សាលាគណខេត្ត សាលាអនុគណគ្រប់ក្រុង ស្រុក ជាពិសេស មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមបណ្តុះបណ្តាលនូវធនធានមនុស្សស្របតាមយុទ្ធសាស្ត្រចតុកោណនៅគ្រប់ដំណាក់កាល។

លោកយឹម សំណាង បានបន្តថា: ដំណើរការប្រឡងនេះជាដំណាក់កាលមួយដ៏សំខាន់សម្រាប់ បេក្ខជនគ្រប់រូប គ្រប់ព្រះអង្គ ដែលបានខិតខំរៀនសូត្រកន្លងមកដើម្បីធ្វើការវាស់ស្ទង់និងបង្ហាញអំពីសមត្ថភាពចំណេះដឹងនិងការប្រឡងប្រកបដោយគុណភាព ព្រោះតែកើតចេញពីឆន្ទៈនិងការព្យាយាមសម្រាប់សិក្សារៀនសូត្រ។

សូមបញ្ជាក់ថា :ក្នុងសម័យប្រឡងធម្មវិន័យថ្នាក់ ត្រី ទោ ឯក នាពេលនេះមានការជួយឧបត្ថម្ភចង្ហាន់ ភេសជ្ជៈ ពីលោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យនិងលោកជំទាវ លោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែសួនសុភី ,លោកកែសួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ។

ក្នុងនោះមានអាហារចំនួន១. ៩៧៩ប្រអប់ ទឹកក្រូច ១០០កេស ទឹកសុទ្ធ ១៥០យួរ ។

បន្ថែមលើនោះក៏នៅមានសប្បុរសជនជាមន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច  ពុទ្ធបរិស័ទជិតឆ្ងាយបានចូលរួមមានជួយឧបត្ថម្ភចង្ហាន់ ភេសជ្ជៈអាហារបន្ថែមផងដែរ៕