សន្ដិសុខសង្គម

រថយន្តធុនធំបុកស្លាប់បុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុម្នាក់ពេលទៅធ្វើការនៅក្រុងប៉ោយប៉ែត

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ស្ត្រីជាបុគ្គលិកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីឬ(Active People) ភ្នាក់ងារបង់រំលស់ម៉ូតូឡានម្នាក់ទៅធ្វើការនៅក្រុងប៉ោយប៉ែតត្រូវរថយន្តធុនធំដឹកខ្សាច់បុកកិនស្លាប់នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤តាមបណ្តោយជាតិលេខ៥ស្ថិតភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

គ្រូពេទ្យនិងនគរបាលចរាចរណ៍ដែលជួយសង្គ្រោះបានអោយដឹងថា: អ្នកស្លាប់ឈ្មោះ វែង សាវ៉ៃ អាយុជាង២០ឆ្នាំជាបុគ្គលិកផ្នែកប្រមូលឥណទានក្រុងប៉ោយប៉ែត(CO:Collection Officer) នៃភ្នាក់ងារបង់រំលស់ម៉ូតូ ឡាន (Active People ) ឬសាខាមួយនៃគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុភីអិលភីនៅក្រុងប៉ោយប៉ែត និងមានទីលំនៅនៅភូមិគាបសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។អ្នកឃើញហេតុការណ៍អោយដឹងថា៖នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍គឺស្ត្រីរងគ្រោះបានបើកបរម៉ូតូហុងដាឌ្រីមពាក់ផ្លាក់លេខបន្ទាយមានជ័យ1L.1503 តាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីកើតទៅលិច។

ទៅដល់កន្លែងកើតហេតុក៏ត្រូវបានរថយន្តធុនធំដឹកខ្សាច់បានបុកហើយកិនធ្លាយបែកពោះស្លាប់។ហើយរថយន្តបង្កដែលមិនស្គាល់អត្តសញ្ញាណបានបើកបន្តទៅមុខគេចខ្លួនបាត់។

មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានចុះទៅពិនិត្យនិងវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់អាចមកពីស្ត្រីរងគ្រោះបានបើកបរម៉ូតូឡើងវ៉ារថយន្តបង្ក ហើយមិនផុតក៏ទាក់ដៃចង្កូតម៉ូតូដួល ស្រូបចូលរថយន្ត ត្រូវកិនស្លាប់។

មន្ត្រីនគរបាលបន្តថា៖ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវរករថយន្តធុនធំដឹកខ្សាច់និងអ្នកបើកបរដែលបានបុកហើយបើកបន្តទៅមុខគេចបាត់នោះ៕