អន្តរជាតិ

ភ្នំភ្លើងបានផ្ទុះឡើងម្តងទៀតនៅជាយភូមិអ្នកនេសាទរបស់អ៊ីស្លង់

ប្រែសម្រួល៖សហការី

REYKJAVIK: នៅព្រឹកថ្ងៃអាទិត្យ ១៤ មករានេះភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគខាងជើងនៃភូមិអ្នកនេសាទក្នុងប្រទេសអ៊ីស្លង់ Grindavik នៅប៉ុន្មានម៉ោងក្រោយមកអ្នកស្រុកក៏ត្រូវបានជម្លៀសចេញពីភូមិរបស់ពួកគេ។

នេះគឺជាការ​ផ្ទុះ​ភ្នំភ្លើង​លើក​ទី​ប្រាំ​នៅក្នុងប្រទេស​អ៊ី​ស្លង់​ក្នុង​រយៈពេល​ជិត​បី​ឆ្នាំកន្លងមកនេះ​។ ហើយនៅក្នុងពេលថ្មីៗ​នេះ​ភ្នំភ្លើង​ក៏​បាន​ផ្ទុះ​​ឡើង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ នៅ​ក្នុង​តំបន់​ដដែលនៅភាគ​និរតី​នៃ​រដ្ឋធានី Reykjavik។

ការិយាល័យឧតុនិយមអ៊ីស្លង់ (IMO) បាននិយាយថា ការផ្ទុះ​ភ្នំភ្លើងបានចាប់ផ្តើមនៅតាំងពីម៉ោង ៨ ព្រឹក  ។

ការ​ផ្ទុះ​ភ្នំភ្លើង​នេះមិនធ្វើឲ្យប៉ះពាល់ដល់ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍នោះទេ។

រូបភាពផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្លង់ បានបង្ហាញពីកម្អែល​ភ្នំភ្លើងពណ៌ទឹកក្រូចជះពន្លឺដូចថ្ងៃរះ។

ការិយាល័យ Met បានឲ្យដឹងថា “ឥទ្ធិពល​ភ្នំភ្លើងបានធ្វើឲ្យប្រេះទំនប់ដែលទើបនឹងចាប់ផ្តើមសាងសង់នៅភាគខាងជើងនៃតំបន់ Grindavik” ។

ពួកគេបាននិយាយថា “តាមការវាស់វែងពីឧទ្ធម្ភាគចក្រឆ្មាំឆ្នេរសមុទ្រអ៊ីស្លង់ បរិវេណ ភ្នំភ្លើងមានទំហំ ៤៥០ ម៉ែត្រនៃភាគខាងជើងទីក្រុង” ។

បន្ទាប់ពីការ​ផ្ទុះ​ភ្នំភ្លើងក៏មានគ្រោះរញ្ជួយដីកើតឡើងកាន់តែខ្លាំងអស់ពេញមួយយប់ ហើយអ្នកស្រុកដែលនៅសេសសល់តិចតួចក្នុងទីក្រុងត្រូវបានជម្លៀសចេញនៅវេលាម៉ោងប្រហែល ៣ ទៀបភ្លឺ ទូរទស្សន៍សាធារណៈ RUV បានរាយការណ៍អំពីហេតុការណ៏នេះ។

អ្នកស្រុកជាង ៤,០០០ នៃតំបន់ Grindavik ត្រូវបានជម្លៀសចេញដោយប្រុងប្រយ័ត្នកាលពីថ្ងៃទី ១១ ខែវិច្ឆិកា។

ការរញ្ជួយដីជាបន្តបន្ទាប់ ដែលជួនកាលរាប់រយដងនៅក្នុងមួយថ្ងៃបានបង្កើតឲ្យមានស្នាមប្រេះធំនៅតាមដងផ្លូវ ផ្ទះ និងអគារនាៗ។

ភ្លាមៗបន្ទាប់ពីការផ្ទុះ​ភ្នំភ្លើងក៏នៅថ្ងៃទី ១៨ ខែធ្នូ អ្នកស្រុកត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញក្នុងរយៈពេលដ៏ខ្លី។

ពួកគេត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅថ្ងៃទី ២៣ ខែធ្នូ ប៉ុន្តែនៅមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះដែលបានតឡប់ទៅផ្ទះរបស់ពួកគេវិញ។

  • ថាមពលភូគព្ភសាស្ត្រ

កាលពីល្ងាចថ្ងៃសៅរ៍ ការជម្លៀសពលរដ្ឋចេញជាបន្ទាន់ត្រូវបានបញ្ចប់នៅថ្ងៃចន្ទនេះ ដោយសារតែសកម្មភាពរញ្ជួយដីកើនឡើង និងផលប៉ះពាល់របស់វាបណ្តាលឲ្យមានស្នាមប្រេះធំលើស្នាមដែលមានស្រាប់នៅក្នុងទីក្រុង។

កាល​ពី​ថ្ងៃ​ពុធ កម្មករ​ជនជាតិ​អ៊ីស្លង់​អាយុ ៥១ ឆ្នាំ​ម្នាក់​ដែល​កំពុង​ជួស​ជុល​ស្នាម​ប្រេះ​នៅ​ក្នុង​សួនច្បារ​លំនៅឋាន​មួយ​បាន​បាត់​ខ្លួន​នៅ​ពេល​ដែល​ដី​បាក់លើខ្លួន​​គាត់។

គាត់បានស្រុតចូលក្នុងដីមានជម្រៅជាង ៣០ ម៉ែត្រ។

មានការស្វែងរកគាត់យ៉ាងយកចិត្តទុកដាក់បំផុតកាលពីថ្ងៃសុក្រ ដោយសារតែតំបន់នេះធ្លាប់រងគ្រោះថ្នាក់ច្រើនពេក។

អាជ្ញាធរ​បាន​ពន្លឿន​ការ​​ជម្លៀស​ពលរដ្ឋចេញ​អស់ពេញ​មួយ​យប់​នៅ​ពេលមានប​គ្រោះ​រញ្ជួយ​ដីកើតឡើង​កាន់​តែ​ខ្លាំង។

លោក Kristin Jonsdottir អ្នកជំនាញភ្នំភ្លើង IMO បានប្រាប់ RUV ថា “អ្វីដែលសំខាន់គឺកន្លែងដែលកម្អែភ្នំភ្លើងហូរចេញ។ ឥឡូវនេះវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការត្រួតពិនិត្យវា” ។

ក្រុមមន្ត្រីកំពុងតាមដានយ៉ាងដិតដល់នូវរោងចក្រអគ្គិសនី Svartsengi នៅក្នុងតំបន់នេះ ដែលផ្តល់អគ្គិសនី និងទឹកដល់ប្រជាជន ៣០,០០០ នាក់នៅក្នុងឧបទ្វីប Reykjanes ។

កម្មករ​បាន​និង​កំពុង​សាងសង់​របាំងជញ្ជាំង​ដើម្បី​ការពារ​កន្លែង​នេះ​តាំង​ពី​ខែ​វិច្ឆិកា។

តាំងពីខែមីនាឆ្នាំ ២០២១ ឧបទ្វីប Reykjanes មិនមានការផ្ទុះ​ភ្នំភ្លើងអស់រយៈពេលប្រាំបីសតវត្សមកហើយ។

ការផ្ទុះ​ភ្នំភ្លើងក្នុងពេលថ្មីៗនេះបានកើតឡើងនៅក្នុងខែសីហា ឆ្នាំ ២០២២ នៅខែកក្កដា និងនៅខែធ្នូ ឆ្នាំ ២០២៣ នាំឲ្យអ្នកតាមដានសកម្មភាពភ្នំភ្លើងបាននិយាយថាប្រហែលជាមានការចាប់ផ្តើមនៃយុគសម័យថ្មីសម្រាប់សកម្មភាពនៅក្នុងតំបន់។

បួនថ្ងៃបន្ទាប់ពីការផ្ទុះ​ភ្នំភ្លើងនៅថ្ងៃទី ១៨ ខែធ្នូ អាជ្ញាធរបាននិយាយថា សកម្មភាពភ្នំភ្លើងបានឈប់ ប៉ុន្តែពួកគេមិនអាចប្រកាសពីការផ្ទុះនេះបានទេ ដោយសារតែនៅតែមានលំហូរកម្អែភ្នំភ្លើងក្រោមដី។

អ៊ីស្លង់គឺជាប្រភពនៃប្រព័ន្ធភ្នំភ្លើងដ៏សកម្មចំនួន ៣៣ លើកគឺជាចំនួនដ៏ខ្ពស់បំផុតក្នុងចំណោមប្រទេសស្ថិតនៅក្នុងតំបន់អឺរ៉ុប។

គឺស្ថិតនៅលើមហាសមុទ្រអាត្លង់ទិកខាងជើង លាតសន្ធឹងលើ Mid-Atlantic Ridge បង្កឲ្យមានស្នាមប្រេះនៅបាតសមុទ្រដែលបានបំបែកបន្ទះផែនដីអឺរ៉ាស៊ីនៅអាមេរិកខាងជើង។

ប្រភព៖ AFP/kg