សន្ដិសុខសង្គម

ទុស្សេខ្សែភ្លើងឆេះផ្ទះនិងទ្រព្យសម្បត្តិពលរដ្ឋ១គ្រួសារនៅឃុំសឿគិតជាទឹកប្រាក់អស់រាប់សិបលានរៀល

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៤ វេលាម៉ោង០១និង.១០នាទី  មាន ករណីគ្រោះថ្នាក់អគ្គិភ័យ១ បានឆាបឆេះផ្ទះមួយខ្នងទំហំ៩មx ៨មសង់អំពីឈើ ដំបូលប្រក់ស័ង្កសី មានពីរជាន់ ( ជាន់ផ្ទាល់ដីនិងជាន់លើ)  នៅភូមិតាម៉ៅឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

វរសេនីយ៍ទោ ញូង សាម៉នអធិការរងនគរបាលស្រុកមង្គលបូរីបានអោយដឹងថា: អណ្តាតភ្លើងបានផ្តើមឆេះចេញពីគុបភ្លើង ដែលដាក់នៅជាន់ទី២ជ្រុងខាងក្រោយចំហៀងខាងឆ្វេង រួចក៏រាលដាលពេញផ្ទះជាន់ទី២ ទៀត ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ហូវ  ហូន ភេទប្រុសអាយុ ៦៣ឆ្នាំ មានបន្ទុកគ្រួសារ ៨នាក់ /ស្រី២នាក់ រស់នៅចំណុចដូចខាងលើ ។

លោកវរសេនីយ៍ស៊ិន ណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានអោយដឹងថា : អគ្គិភ័យនោះបានបង្កការខូចខាត : ១. ផ្ទះមួយខ្នងឆេះអស់៨០ភាគរយ ,២.មាស២ដំឡឹង( ខ្សែកចិញ្ចៀននិងបន្តោង) ,៣ប្រាក់បាតចំនួន ២៥.០០០បាត ប្រាក់ថៃ, ៤. ទូរទស្សន៍ LED មួយគ្រឿង និង ៥. ទូឈើដាក់សំលៀកបំពាក់ចំនួន៣គ្រឿង  ព្រមទាំងសំលៀកបំពាក់គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។ សមត្ថកិច្ចបញ្ជាក់ថាសរុប ការខូចខាតអស់ប្រហែល ៤០ម៉ឺនបាតឬជាង៤០លានរៀល ។

ឆ្លើយតបករណីនេះ អាជ្ញាធរមានសមត្ថកិច្ច រួមទាំងលោករ័ត្ន ដាស៊ីណង់អភិបាលស្រុកមង្គលបូរី លោកអភិបាលរង កម្លាំងផ្នែកសឹករងស្រុក អាវុធហត្ថស្រុក  ពិសេសបានប្រើប្រាស់កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកនិងប៉ុស្តិ៍រដ្ឋបាលឃុំសឿចំនួន ១០នាក់ រថយន្តពន្លត់អគ្គិភ័យដែលមានទឹកមួយគ្រឿង ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ទោ ញូង សាម៉ន អធិការរង បានគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបាននៅម៉ោង០២និង១០នាទី ឬ១ម៉ោងក្រោយមក ។

លោកវរសេនីយ៍ទោ ញូង សាម៉ន បានបន្តថា : អគ្គិភ័យនេះ អាច មូលហេតុបង្កមកពីទុស្សេឬឆ្លងចរន្តអគ្គិសនី ៕