សន្ដិសុខសង្គម

តុលាការភ្នំពេញឃុំខ្លួនអតីតអភិបាលក្រុងកែបពាក់ព័ន្ធរឿងពុករលួយនៅពន្ធនាគារ

ដោយ៖ ស.សម្បត្តិ

សំណុំរឿងលោក ខេង យ័ន អតីតអភិបាលក្រុងកែប ដែលបានក្លាយទៅជាព័ត៌មានដ៏ចាប់អារម្មណ៍ក្នុងមជ្ឈដ្ឋានអ្នកតាមដានកន្លងមកនោះ ឥឡូវនេះចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយនៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

តុលាការបានចោទប្រកាន់អតីតអភិបាលក្រុងកែបរូបនេះពីបទរំលោភអំណាចនិងបទសម្អាតប្រាក់ ដែលបទល្មើនេះអាចធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ខេង យ័នលើកទី១នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤បង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានដោះលែងវិញ។ បន្ទាប់មកក្រោយពីប្រមុខរាជរដ្ឋាភិបាលបានបញ្ចប់នូវមុខតំណែងជាផ្លូវការរបស់គាត់ ខាងអង្គភាពប្រឆាំងអំពើពុករលួយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ក៏បានចាប់ខ្លួនម្តងទៀតហើយបញ្ជូនទៅតំណាងអយ្យការអមសាលាដំបូងភ្នំពេញដើម្បីធ្វើការចោទប្រកាន់។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានចោទប្រកាន់ចំនួន២បទល្មើសដែលក្នុងនោះគឺមានបទល្មើសរំលោភអំណាច និងបទល្មើសសំអាតប្រាក់ ហើយចៅក្រមស៊ើបសួរក៏បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។

  • តើអ្វីទៅជាការរំលោភអំណាច?

បើយោងតាមការបញ្ជាក់របស់អ្នកច្បាប់មួយរូបបានឲ្យដឹងដោយសង្ខេបថា ការរំលោភអំណាចគឺសកម្មភាពមួយចំនួន ដែលបង្ហាញអំពីការរារាំងការអនុវត្តច្បាប់ ដែលត្រូវបានប្រព្រឹត្តឡើងដោយមន្រ្តីរាជការសាធារណៈ ឬពលរដ្ឋដែលទទួលអាណត្តិតាមរយៈការបោះឆ្នោតជាដើម។ សកម្មភាពទាំងនោះត្រូវបានធ្វើឡើងក្នុងគោលបំណងធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្តច្បាប់ ក៏ដូចជាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ ដែលនេះគឺជាសកម្មភាពមួយត្រូវបានចាត់ទុកថាជាការរំលោភអំណាច។ នៅក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាគឺបានចែងលម្អិតអំពីសញ្ញាណនៃការរំលោភអំណាចនេះ ក៏ដូចជាការទទួលខុសត្រូវរបស់ជនល្មើសផងដែរ។

  • តើអ្វីទៅជាការសម្អាតប្រាក់?

បើយោងតាមខ្លឹមសារច្បាប់ ស្តីពីការប្រឆាំងការសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្មនោះ ការសំអាតប្រាក់៖

១-ការបំប្លែង ឬការផ្ទេរទ្រព្យសម្បត្តិ ដោយដឹងថាទ្រព្យសម្បត្តិនេះជាផល នៃបទល្មើស ក្នុងគោលបំណងបិទបាំង ឬក្លែងប្រភពដើមមិនស្របច្បាប់នៃទ្រព្យសម្បត្តិទាំងនេះឬជួយបុគ្គលណាដែលបានពាក់ព័ន្ធក្នុងបទល្មើសដើម្បីឲ្យបុគ្គលនោះគេចផុតពីផលវិបាកតាមផ្លូវច្បាប់នូវសកម្មភាពរបស់ខ្លួន។

២-ការបិទបាំងឬការក្លែងសភាវៈពិត ប្រភព ទីតាំងសិទ្ធិចាត់ចែងចលនាឬកម្មសិទ្ធិឬសិទ្ធិលើទ្រព្យសម្បត្តិដោយដឹងថា ទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។

៣-ការធ្វើលទ្ធកម្ម ការកាន់កាប់ឬការប្រើប្រាស់ទ្រព្យសម្បត្តិដោយដឹងថាទ្រព្យសម្បត្តិទាំងនេះបានមកពីបទល្មើស។

៤-ការចូលរួមការ ប៉ុនប៉ងប្រព្រឹត្ត ដោយជួយនិងជំរុញឲ្យប្រព្រឹត្តសកម្មភាពណាមួយដែលបានកំណត់ស្របតាមមាត្រា៣នៃច្បាប់នេះ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយចុះសំណុំរឿងដ៏ចាប់អារម្មណ៍របស់អតីតអភិបាលក្រុងកែប លោក ខេងយ័នេះ វាគឺជារឿងក្តីមួយដែលកំពុងតែស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ស្ថាប័នតុការជាអ្នកចាត់ការទៅតាមនីតិវីធី៕