សេដ្ឋកិច្ច

អភិបាលខេត្តកំពង់ចាមដឹកនាំមន្រ្តីចុះពិនិត្យនិងចាត់វិធានការសង្រ្គោះស្រូវប្រាំងរបស់ពលរដ្ឋខ្វះទឹកជាង១.០០០ហិកតានៅស្រុកចំនួនពីរ

ដោយ៖ គង់ហេង
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៥ មករានេះ បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យពីស្ថានភាពជាក់ស្តែង ពីការបង្កបង្កើនផលដំណាំស្រូវប្រាំង នៅស្រុកជើងព្រៃ និងស្រុកបាធាយ គឺជាលទ្ធផលបានរកឃើញដំណាំមួយនេះចំនួនជាង ១.០០០ ហិកតា បានប្រឈមបញ្ហាខ្វះ ត្រូវសង្រ្គោះបន្ទាន់។


លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាមដែលបានអមដំណើរលោកអភិបាលខេត្តក្នុងការចុះពិនិត្យបញ្ហាខាងលើបានឱ្យដឹងថា៖ ក្នុងនោះស្រុកជើងព្រៃមានផ្ទៃដីស្រែប្រាំងជួបបញ្ហាខ្វះទឹកសរុបចំនួន ៩៦០ ហិកតា នៅឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ស្មើនឹងភូមិចំនួន ប្រាំបី។ ហើយស្រុកបាធាយស្រែប្រាំងរបស់ប្រជាពលរដ្ឋជួបបញ្ហាខ្វះទឹកចំនួនជាង ៥០០ ហិកតា មានឃុំតាំងក្រសាំង។


លោកប្រធានមន្ទីរបានបន្តថា៖ ក្រោយពីការពិនិត្យជាក់ស្តែងរួចលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យខាងលោកបើកទ្វារទឹកទ្វារទឹកបន្ថែមពីអាងថ្មដា ដើម្បីជួយសង្រ្គោះដំណាំស្រូវប្រាំង ខ្វះទឹកក្នុងស្រុកជើងជើងព្រៃជិត ១.០០០ ហិកតានោះ។

ដោយឡែកសម្រាប់ស្រុកបាធាយស្រែប្រាំងខ្វះទឹកជាង ៥០០ ហិកតានោះយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកចំនួន ប្រាំបួន គ្រឿង ដោយមានកម្លាំងចាប់ពី ១២ ដល់ ២៤ សេសចំនួន ប្រាំបី គ្រឿង និង កម្លាំង ៦៥ សេសចំនួន មួយ គ្រឿង ទៀតដោយយកប្រភពទឹកពីបឹង លៀច។ ករណីប្រឡាយពាក់ព័ន្ធ ដែលគោករាក់ យើងបានប្រើប្រាស់គ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ កាយបន្ថែមឱ្យជ្រៅសម្រួលដល់ចរន្តទឹកហូរ៕