សន្ដិសុខសង្គម

ឃាត់ខ្លួនអ្នកបើករថយន្តទាំងស្រវឹងបុកអ្នកជិះម៉ូតូស្លាប់ម្នាក់,របួសធ្ងន់ម្នាក់

ដោយ:សុខុម

ភ្នំពេញ ៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កបុកម៉ូតូបណ្ដាលឱ្យស្លាប់ម្នាក់,ម្នាក់ទៀតរងរបួសធ្ងន់កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លើផ្លូវ៩២កែងនឹងផ្លូវ ភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។


សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រស់ កុសល ភេទប្រុស អាយុ២៧ឆ្នាំអ្នករត់តុការស្នាក់នៅស្រុកស្អាងខេត្តកណ្ដាលបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ប្រភពពីកន្លែងកើតហេតុបាននិយាយថាជនរងគ្រោះ២នាក់ជិះម៉ូតូផ្សេងគ្នា ។មួយគ្រឿងម៉ាកហុងដាscoopy ពណ៌សមិនចាំផ្លាកលេខនៅក្រោយពេលរថយន្តបុកភ្លាមមានគេយកម៉ូតូទៅបាត់។មួយគ្រឿងទៀតម៉ាក ហុងដា BEAT ពណ៌សពាក់ផ្លាកលេខ កណ្តាល 1AS-0435 នៅកន្លែងកើតហេតុ។


មុនពេលជួបគ្រោះថ្នាក់ម៉ូតូ ២គ្រឿងខាងលើជិះស្របគ្នាតាមបណ្តោយផ្លូវលេខ៩២ពីកើតមកលិចដល់កែងនឹងផ្លូវភ្នំពេញហាណូយ ស្រាប់តែមានរថយន្តបង្ក ម៉ាក TOYOTA TACOMA បើកបរដោយបុរសម្នាក់ស្របទិសគ្នាលឿនជ្រុលបុករះពីក្រោយម៉ូតូទាំង២គ្រឿង ពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។រថយន្តបង្កភ្លាមនោះមិនឈប់ដោះស្រាយជាទេបែរជាបើករត់ដល់ផ្លូវបេតុងមួយហើយប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមឃាត់បានអ្នកបើកបររថយន្តក្នុងស្ថានភាពស្រវឹងយកទៅប៉ុស្តិ៍នគរបាលសង្កាត់ភ្នំពេញថ្មីទាំងយប់៕