សេដ្ឋកិច្ច

ខេត្តស្ទឹងត្រែងដាក់ក្រុមហ៊ុនមួយដេញថ្លៃបានគម្រោងធ្វើផ្លូវឃុំ-សង្កាត់ឱ្យស្ថិតក្នុងបញ្ជីខ្មៅ

ដោយ៖សុខុម

ស្ទឹងត្រែង៖រដ្ឋបាលខេត្តស្ទឹងត្រែងកាលពីកន្លងទៅថ្មីនេះបានសម្រេចដាក់ក្រុមហ៊ុនមួយក្នុងបញ្ជីខ្មៅមិនឱ្យទទួលសិទ្ធិបានលើការដេញថ្លៃគម្រោងស្ថាបនាផ្លូវឃុំសង្កាត់តទៅទៀតនោះទេ។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តស្ទឹងត្រែងបញ្ជាក់ថាក្រុមហ៊ុនសុធីរាជឃិនស្រ្តាក់សិនដែលមានលោកម៉ៅអេងជឺជាប្រធានក្រុមហ៊ុនឱ្យស្ថិតនៅក្នុងបញ្ជីខ្មៅ។សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយនេះដេញថ្លៃបានគម្រោងស្ថាបនាផ្លូវមួយខ្សែចម្លាយ១០គីឡូម៉ែត្រនៅឃុំស្រែសំបូរស្រុកសៀមប៉ាងនិងផ្លូវចាក់បេតុងមួយខ្សែនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងសម្រាប់កញ្ចប់ថវិកាឆ្នាំ២០២៤។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៣ក្រុមហ៊ុនមួយនេះក៏ធ្លាប់ត្រូវបានក្រុមហ៊ុនចំនួន៤បានដាក់ពាក្យបណ្ដឹងទៅរដ្ឋបាលខេត្តនិងក្រសួងពាក់ព័ន្ធមួយចំនួនប្ដឹងក្រុមហ៊ុនឈ្មោះ សុធីរាជឃិនស្រ្តាក់សិនដោយចោទប្រកាន់ថាគប់គិតគ្នាជាមួយមន្ត្រីបច្ចេកទេសបំប៉ោងគម្រោងដើម្បីយកលុយរដ្ឋរាប់រយលានរៀល។

ក្រោយពីមានបាតុភាពបែបនេះរដ្ឋបាលខេត្តស្ទឹងត្រែងបានកែសម្រួលមន្ត្រីទាំងនោះនិងសម្រេចដាក់ក្រុមហ៊ុនមួយនេះឱ្យស្ថិតក្នុងបញ្ជីខ្មៅពុំមានសិទ្ធិដេញថ្លៃលើគម្រោងណាមួយតទៅទៀតទេ។

ប្រភពពីមន្ត្រីបង្ហើបឲ្យដឹងថាចាប់ពីថ្ងៃទី ៥ខែមករាឆ្នាំ២០២៤ក្រុមហ៊ុនសុធីរាជឃិនស្រ្តាក់សិនស្ថិតក្នុងបញ្ជីខ្មៅហើយគម្រោងសាងសង់ផ្លូវជាង១០គីឡូម៉ែត្រនៅឃុំស្រែសំបូរនិងផ្លូវចាក់បេតុងនៅសង្កាត់ស្រះឬស្សីក្រុងស្ទឹងត្រែងដែលជាកញ្ចប់ថវិកាស្ថាបនាផ្លូវឆ្នាំ២០២៤អាចនឹងបន្តឲ្យទៅអ្នកបន្ទាប់ដេញថ្លៃបានឬរៀបចំគម្រោងដេញថ្លៃសារជាថ្មីម្ដងទៀត៕