សេដ្ឋកិច្ច

ការចែកចាយយន្តហោះ Boeing 737 MAX ទៅកាន់ប្រទេសចិនទំនងពន្យារពេលជាថ្មី

ប្រែសម្រួល៖ សហការី

សារព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការផលិតនិងចែកចាយទៅកាន់ប្រទេសចិននូវយន្តហោះ Boeing  737 MAX ទំនងជានឹងត្រូវពន្យារពេលជាថ្មីបន្ទាប់ពីមានការផ្ទុះនៅកណ្តាលអាកាសធ្វើឲ្យរហែកបន្ទះទ្វារយន្តហោះ Alaska Airlines MAX 9 ដែលកំពុងដំណើរការហោះហើរនៅក្នុងខែនេះ។

យោងតាមរបាយការណ៍ដែលបានដកស្រង់សម្តីពីអ្នកដែលដឹងពីបញ្ហានេះថាក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានត្រៀមរួចជាស្រេចដើម្បីទទួលយន្តហោះ Boeing  737 MAX នៅក្នុងខែមករាក៏ប៉ុន្តែខ្លួនបានគ្រោងនឹងធ្វើការត្រួតពិនិត្យលើសុវត្ថិភាពបន្ថែមទៀត។

របាយការណ៍បានបន្ថែមថា និយតករអាកាសចរណ៍របស់ប្រទេសចិនក៏បានណែនាំឲ្យក្រុមហ៊ុនអាកាសចរណ៍ធ្វើការត្រួតពិនិត្យលើសុវត្ថិភាពជាមុន។

ក្រុមហ៊ុនអាកាសចរណ៍ចិនមិនមានម៉ូដែល MAX 9 នៅក្នុងចំណោមយន្តហោះរបស់ពួកគេនោះទេ។ យន្តហោះ MAX 8 ដែល​ពួកគេ​ប្រតិបត្តិការ​មិនមាន​បន្ទះគម្របទ្វារ​ដូចដែលមាន​​ឧប្បត្តិហេតុ​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ Alaska នោះទេ។

សារព័ត៌មាន WSJ បានរាយការណ៍ថាក្រុងប៉េកាំងកំពុងរង់ចាំការបញ្ជាក់ឲ្យបានច្បាស់លាស់បន្ថែមទៀតពីការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកលើឧបទ្ទវហេតុកន្លងមក។

ក្រុមហ៊ុន Boeing បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines និងនិយតករអាកាសចរណ៍របស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយរបស់ Reuters នោះទេ។

ប្រទេសចិនបានផ្អាកការបញ្ជាទិញ និងចែកចាយយន្តហោះ Boeing ភាគច្រើនក្នុងឆ្នាំ ២០១៩ បន្ទាប់ពី 737 MAX ត្រូវបានផ្អាកនៅទូទាំងពិភពលោកនៅក្រោយពេលមានឧបទ្ទវហេតុធ្លាក់យន្តហោះចំនួនពីរលើកនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពី។

ការចាប់ផ្តើមចែកចាយ MAX នឹងក្លាយជារបកគំហើញដ៏សំខាន់រវាងទំនាក់ទំនងក្រុមហ៊ុន Boeing ជាមួយនិងចិន ដែលត្រូវរងផលប៉ះពាល់ដោយវិបត្តិឧបទ្ទវហេតុធ្លាក់យន្តហោះ MAX និងភាពតានតឹងផ្នែកនយោបាយរវាងសហរដ្ឋអាមេរិក និងចិន។

វានឹងជួយឲ្យក្រុមហ៊ុន Boeingទទួលបានផលប្រយោជន៏ផ្នែកហិរញ្ញវត្ថុដែលអនុញ្ញាតក្រុមហ៊ុន Boeingទទួលបានការទូទាត់សម្រាប់យន្តហោះ MAX របស់ចិនរាប់សិបគ្រឿង។

កាលពីខែមុនក្រុមហ៊ុនបានដំណើរការដោយផ្ទាល់ជាលើកដំបូងនូវយន្តហោះ 787 Dreamliner ទៅកាន់ប្រទេសចិនចាប់តាំងពីខកខាននៅក្នុងឆ្នាំ ២០១៩ ដែលជាជំហានមួយត្រូវបានគេមើលឃើញថាអាចឈានទៅដល់ការបញ្ចប់ភាពជាប់គាំងរបស់ក្រុងប៉េកាំងលើការដឹកជញ្ជូនតាមយន្តហោះប្រភេទ MAX ។ យោងតាមទិន្នន័យរបស់ក្រុមហ៊ុន Boeing បានឲ្យដឹងថា គិតត្រឹមខែវិច្ឆិកា ខ្លួនបានប្រគល់យន្តហោះដឹកទំនិញ 777 ចំនួនប្រាំបីគ្រឿងដល់អតិថិជនចិនផងដែរ។

ក្រុមហ៊ុន Boeing ស្ទើរតែត្រូវបានបង្កកការបញ្ជាទិញថ្មីពីប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៧ នៅចំពេលមានភាពតានតឹងពាណិជ្ជកម្មរវាងចិន និងអាមេរិក៕

ប្រភព៖ Reuters