សន្ដិសុខសង្គម

មួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍បីលើកស្លាប់មនុស្សចំនួនពីរនាក់និងរបួសចំនួនបួននាក់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ រយៈពេលមួយថ្ងៃ នៅខេត្តត្បូងឃ្មុំមានករណីគ្រោះចរាចរណ៍បានកើតឡើងចំនួន បី លើក នៅទីតាំងខុសៗ គ្នា គឺនៅស្រុកមេមត់ចំនួន ពីរ លើក និងនៅស្រុកពញាក្រែកចំនួន មួយ លើក កាលថ្ងៃទី ១៣ មករា ម្សិលមិញនេះ។
ប្រភពព័ត៌មានពីខេត្តត្បូងឃ្មុំបានឱ្យដឹងថា៖ នៅម៉ោងជាង៧ យប់ថ្ងៃទី ១៣ មករាមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ លើក ស្ថិតក្នុងភូមិ កន្ទួត ឃុំកោងកាង ស្រុកពញាក្រែក រវាងម៉ូតូចំនួនពីរ គ្រឿងនិង រថយន្ដ មួយ គ្រឿង។ ដោយម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ពណ៍ខ្មៅគ្មានស្លាកលេខបើកបរដោយ ឈ្មោះ រឹម ដារ៉ាភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកោងកាងទី៣ ឃុំកោងកាង ស្រុកពញាក្រែក ស្លាប់នៅកន្លែងកើតហេតុ បង្កជាមួយម៉ូតូម៉ាកវ៉េវគ្មានស្លាកលេខដែរ បើកបរដោយឈ្មោះ បូ ប៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំនៅភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ រងរបួសធ្ងន់ បង្កជាមួយរថយន្តមិនស្គាល់ម៉ាក និងទីលំនៅព្រោះក្រោយកើតហេតុបើករថយន្តទៅបាត់។


ប្រភពព័ត៌មាននោះបានឱ្យដឹងទៀតថា៖ នៅម៉ោងជាង៥ល្ងាច ថ្ងៃទី ១៣ មករា ដដែល នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ ស្ថិតនៅភូមិកន្តើយ ឃុំចាន់មូល ស្រុកមេមត់ មានករណីគ្រោះថ្នាក់ បើកបរក្នុងល្បឿនលឿនដួលខ្លួនឯង មួយបានកើតឡើង។ ដោយម៉ូតូម៉ាកយ៉ាម៉ាហាហ្វីនន័រ ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះលុយ ម៉េវ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រះពន្លា ឃុំទ្រៀក ស្រុកមេមត់ មិនពាក់មួកសុវត្ថិភាព ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកមេមត់បានឌុបមនុស្សចំនួនពីរនាក់ មិនពាក់មួកសុវត្ថិភាពទាំងអស់គ្នារងរបួសស្រាលបានបើកបរពីទិសខាងជើងទៅទិសខាងត្បូង បើកបរក្នុងល្បឿនលឿន ផ្លូវកោងបណ្ដាលឲ្យផុតផ្លូវ ដួលតែម្ដង ។ មូលហេតុ:កត្តាមនុស្សបើកបរក្នុងល្បឿនលឿន ផ្លូវកោង។
ប្រភពបានបន្តថា៖ នៅម៉ោងជាង ៩ យប់ថ្ងៃទី១៣ នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២២៩/២៣០ ស្ថិតនៅភូមិក្ដុលផ្សារ ឃុំទន្លូង ស្រុកមេមត់ មានករណីគ្រោះថ្នាក់ជិះម៉ូតូបុកកង់រថយន្តដែលដាច់នៅតាមផ្លូវមួយបានកើតឡើង។ ដោយម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IS-3988 បើកបរដោយឈ្មោះថន មុំ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូង របួសធ្ងន់ បានបើកបរពីទិសខាងកើតទៅទិស ខាងលិច បានបុកនឹងកង់រថយន្តធុនធំ(រថយន្តដែលដាច់កង់មិនដឹងម៉ាកអី ពណ៌អីទេ ដែលដាច់នៅលើផ្លូវ បណ្ដាលឱ្យដួលតែម្ដង របួសធ្ងន់៕