អន្តរជាតិ

ប្រធានាធិបតី Joe Biden ថ្លែងថាសហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់ទេ

ប្រែសម្រួល៖ ស.សម្បត្តិ

វ៉ាស៊ីនតោន៖ កាលពីថ្ងៃសៅរ៍ ១៣ មករា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់នោះទេ បន្ទាប់ពីអ្នកបោះឆ្នោតតៃវ៉ាន់បានផ្តល់ឲ្យគណបក្សកាន់អំណាចនូវអាណត្តិប្រធានាធិបតីទីបីជាថ្មីបន្តទៀត។

នៅព្រឹកថ្ងៃដដែលនោះ លោក William Lai Ching-te បេក្ខជនប្រធានាធិបតីនៃគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យហៅកាត់ថា (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាបានច្រានចោលការគាបសង្កត់របស់ចិនហើយបានសន្យាថានឹងក្រោកឈរឡើងតទល់ជាមួយនឹងក្រុងប៉េកាំងដើម្បីស្វែងរកការចរចា។

ក្នុងខណ:ដែលមានការស្នើសុំមតិប្រតិកម្មចំពោះការបោះឆ្នោតកាលពីថ្ងៃសៅ ប្រធានាធិបតីអាមេរិក លោក Biden បាននិយាយថា “យើងមិនគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ទេ” ។

នៅប៉ុន្មានម៉ោងមុនបើកការបោះឆ្នោត ក្រុងវ៉ាស៊ីនតោនបានព្រមានថា “អាមេរិកមិនអាចទទួលយកបានទេ” ប្រសិនបើមានប្រទេសណាមួយជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតរបស់តៃវ៉ាន់នោះ។

សហរដ្ឋអាមេរិកជាអ្នកគាំទ្រនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតដល់តៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះនេះយ៉ាងណាក៏ដោយ។

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានអបអរសាទរលោក Lai សម្រាប់ជ័យជម្នះរបស់គាត់ ហើយបាននិយាយថា សហរដ្ឋអាមេរិក “ប្តេជ្ញារក្សាសន្តិភាព និងស្ថិរភាពជុំវិញបញ្ហាច្រកសមុទ្រ នឹងខិតខំរកដំណោះស្រាយប្រកបដោយសន្តិវិធីដោយមិនមានការបង្ខិតបង្ខំ និងដាក់សម្ពាធនោះទេ”។

លោកបានបន្តថា សហរដ្ឋអាមេរិកនិងបន្តកិច្ចសហការជាមួយលោក Lai និងមេដឹកនាំនៃគ្រប់ភាគីរបស់តៃវ៉ាន់ ដើម្បីជំរុញ “ទំនាក់ទំនងមិនផ្លូវការដ៏យូរអង្វែងស្របតាមគោលនយោបាយចិនតែមួយរបស់សហរដ្ឋអាមេរិក” ។

រដ្ឋបាល Biden មានការភ័យខ្លាចថា ការបោះឆ្នោត អន្តរកាល និងរដ្ឋបាលថ្មីនឹងធ្វើឲ្យមានជម្លោះកាន់តែរីកធំឡើងជាមួយក្រុងប៉េកាំង។

លោក Biden បានព្យាយាមរក្សាទំនាក់ទំនងឲ្យបានរលូនជាមួយប្រទេសចិនដោយមានការយល់ព្រមពិភាក្សាគ្នាលើរាល់ការខ្វែងគំនិតគ្នាទាំងឡាយជុំវិញបញ្ហាសន្តិសុខនៅឯកិច្ចប្រជុំកំពូលក្នុងរដ្ឋកាលីហ្វ័រញ៉ាជាមួយប្រធានាធិបតី Xi Jinping កាលពីខែវិច្ឆិកាកន្លងទៅ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ពីររូបបាននិយាយថា រដ្ឋាភិបាលកោះតៃវ៉ាន់រំពឹងថា ប្រទេសចិននឹងព្យាយាមដាក់សម្ពាធលើប្រធានាធិបតីថ្មីរបស់ខ្លួនបន្ទាប់ពីការបោះឆ្នោត រួមទាំងបង្កើនសមយុទ្ធយោធានៅជុំវិញកោះក្នុងនិទាឃរដូវនេះ។ ចិន​មិន​ដែល​បោះបង់​ការ​ប្រើ​កម្លាំងយោធា​ដើម្បី​ចាប់យក​តៃវ៉ាន់​មក​គ្រប់​គ្រង​នោះទេ។

ដើម្បីបង្ហាញការគាំទ្រដល់របស់រដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់ លោក Biden គ្រោងនឹងបញ្ជូនគណៈប្រតិភូក្រៅផ្លូវការទៅកាន់កោះនេះដែលគ្រប់គ្រងដោយខ្លួនឯង នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់លោក Biden បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ ។

គណៈប្រតិភូទំនងជានឹងរួមបញ្ចូលនូវអតីតមន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួនផងដែរ។ គណៈប្រតិភូស្រដៀងគ្នានេះត្រូវបានបញ្ជូនទៅតៃវ៉ាន់នាពេលកន្លងមក។

កាលពីឆ្នាំ ២០១៦ ចិនបានខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយតាមទូរសព្ទជាមួយប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ដែលជាការសន្ទនាលើកដំបូងរវាងមេដឹកនាំអាមេរិក និងតៃវ៉ាន់ ចាប់តាំងពីប្រធានាធិបតី Jimmy Carter បានផ្លាស់ប្តូរការទទួលស្គាល់ការទូតពីតៃវ៉ាន់ទៅប្រទេសចិននៅក្នុងឆ្នាំ ១៩៧៩មក៕

ប្រភព៖ Reuters/mi