ព័ត៌មានជាតិ

កម្ពុជា-ចិន រៀបចំពិធីដ៏អស្ចារ្យមួយលើទឹកដីខេត្តសៀមរាប

ដោយ:សុខុម

សៀមរាប៖ មហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលឱ្យប្រសិទ្ធនាមថាពិធីបើកឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤បានរៀបចំឡើង នៅបរិវេណព្រះលានជល់ដំរី ខេត្តសៀមរាបកាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

កម្មវិធី ផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក Li Shulei សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ក្នុងនោះក៏មានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មន្រ្តីជាន់ខ្ពស់រដ្ឋសភា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្រ្តីរាជការមកពីតាមបណ្តាខេត្តផងដែរ។

ក្នុងរាត្រីនេះបានរំលឹកពីចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជាចិន។ផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីដ៏ត្រចះត្រចង់របស់ប្រទេសទាំងពីរ។

សម្តេចពិជ័យ សេនាទៀបាញ់បានបញ្ជាក់ថាជំនួយសំខាន់ៗក្នុងការអភិវឌ្ឍន៍ក្នុងប្រទេស រួមមានគម្រោងព្រលានយន្តហោះខេត្តសៀមរាប ស្ពានផ្លូវតភ្ជាប់តំបន់ទន្លេមេគង្គ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងព្រលានយន្តហោះតារាសាគរ រួមជាមួយការធ្វើទំនើបកម្មលើវិស័យការពារជាតិ។

គម្រោងទាំងនេះ សុទ្ធតែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅ កម្ពុជា ដែលស្ថិតនៅក្រោមក្របខណ្ឌនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។

ប្រវត្តិដ៏យូរលង់កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ រហូតមកដល់ពេលនេះជាង៦០ឆ្នាំ ប្រទេសទាំងពីរ បានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងកសាងសហគមន៍រួមវាសនាតែមួយ។

សម្តេចពិជ័យសេនា បានបញ្ជាក់ទៀតថា ជាការពិត ប្រទេសចិន និងកម្ពុជា គឺជាមិត្តល្អបំផុត ចេះជួយយកអាសាគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជាមានភាពស្រដៀងគ្នា និងមានភាពពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជា ប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូត។

សម្តេចបានបញ្ជាក់បន្ថែមថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត មួយជំនាន់ទៅមួយជំនាន់រហូតមកដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីន ពីង ដែលបានបន្តពីព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

សម្តេចបានបញ្ជាក់ថាឆ្នាំ២០២៤ ជា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការបង្កើនតភ្ជាប់វិស័យទេសចរណ៍ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននៃប្រជាជាតិទាំងពីរ និងជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា រវាងប្រជាជាតិយើងទាំងពីរកម្ពុជា-ចិន។

នៅក្រោយព្រឹត្តិការណ៍រៀបចំនេះគេរំពឹងថាភ្ញៀវទេសចរចិននឹងមានចំនួនកាន់តែកើនមកទស្សនានៅប្រទេសកម្ពុជា។

ពិតណាស់ប្រជាជនចិនបានស្គាល់យ៉ាងច្បាស់ថាអង្គរវត្តខេត្តសៀមរាបប្រទេសកម្ពុជាបានល្បីល្បាញនៅលើពិភពលោក។

ស្នាមញញឹមនិងកាយវិការដ៏រស់រវើកនៃប្រទេសទាំងពីរប្រកបដោយភាពរួសរាយរាក់ទាក់គោរពស្រឡាញ់គ្នាទៅវិញទៅមកនិងជាមិត្តដ៏ល្អ៕