ព័ត៌មានជាតិ

សមាគមសង្គហមិត្តគឺជាស្ពានតភ្ជាប់ទំនាក់ទំនងរវាងអតីតមន្រ្តីការនិងមន្រ្តីរាជបច្ចុប្បន្ន

ដោយ៖ គង់ហេង
កំពង់ចាម៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា សមាគមសង្គហមិត្ត គឺជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្រ្តីរាជការ និងមន្រ្តីរាជការបច្ចុប្បន្ន។ ដូច្នេះសូមមន្រ្តីរាជការ ជាសមាជិកសមាគមសង្គហមិត្ត ចុះសួរសុខទុក្ខនិវត្តជនដែលមានជំងឺនៅតាមផ្ទះ,មាតុភាព,គ្រោះថ្នាក់ចរាចរណ៍,ស្ថានភាពលំបាកផ្សេងៗ ដូចជាកម្មវិធីបុណ្យសពរបស់គាត់(និវត្តជន)ជាដើម។


សម្តេចកិត្តិសង្គហបណ្ឌិត ដែលជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ ដូចខាងលើ ក្នុងការដែលសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមសង្គហមិត្ត បុគ្គលិក មន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលាខេត្តកំពង់ចាមនាថ្ងៃទី ១២ មករា ម្សិលមិញ។


សម្តេច ម៉ែន សំអន ជាប្រធានប្រតិបត្តិ នៃសមាគមសង្គហមិត្តបានមានប្រសាសន៍ថា៖ សូមសម្តែងការកោតសសើរ ដល់ថ្នាក់ដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តួចផ្តើមគំនិតបង្កើត នូវសមាគមសិង្គហមិត្តនេះឡើង ដើម្បីធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងដ៏សំខាន់ រវាងអតីតមន្ត្រីរាជការ និងមន្ត្រីរាជការបច្ចុប្បន្ន។ជាពិសេសដែលជាយន្តការទំនាក់ទំនងនេះ ជាគំនិតផ្តួចផ្តើមរបស់ លោកកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាបនិកកិត្តិយសនៃ សមាគម សិង្គហមិត្ត, លោកបណ្ឌិតសភាចារ្យ អូន ព័ន្នមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានកិត្តិយស សមាគម និងលោកស្រី កែវ ចរិយា ជាប្រធានក្រុមប្រឹក្សាភិបាល។


សម្តេចបានបន្តថា៖ សូមមន្រី្តរាជការដែលជាសមាជិកសមាគមសង្គហមិត្តទាំងអស់ចុះសួរសុខទុក្ខនិវត្ដជនដែលមានជំងឺនៅតាមផ្ទះ, មាតុភាព, គ្រោះថ្នាក់ចរាចរណ៍, ស្ថានភាពលំបាកផ្សេងៗដូចជា កម្មវិធីបុណ្យសពរបស់សមាជិកជាដើម។


សូមបញ្ជាក់ថា សមាគមសង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គិតចាប់តាំងពីឆ្នាំ២០១១ មកដល់ដំណាច់ឆ្នាំ២០២៣ បានអនុវត្តបេសកកម្មរបស់ខ្លួនកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ ទាំងរចនា សម្ព័ន្ធដឹកនាំ ទាំងក្របខណ្ឌអនុវត្តកាន់តែមានភាពរឹងមាំ គ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា ដែលមានចំនួនសមាជិកបានកើនឡើងពីចំនួន ១៥៦រូប នៅឆ្នាំ ២០១១ រហូតដល់ ៦.៩៤១រូប នៅដើមឆ្នាំ២០២៤៕