សេដ្ឋកិច្ច

ប្រព័ន្ធគ្រប់គ្រងគណនេយ្យLocalizeBook បានត្រូវដាក់ឲ្យដំណើរការជាផ្លូវការ

ដោយៈសិរីមតី/ភ្នំពេញ៖ ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក (LOCALIZE TECH SOLUTION CO.,LTD) បានដាក់ឱ្យដំណើរការមុខងារថ្មីមួយគឺ “វិក្កយបត្រឌីជីថលជាមួយនឹងABA Payway – Digitalize Invoicing with ABA Payway” នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នៅសាលប្រជុំធំនៃមជ្ឈមមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”រាជធានីភ្នំពេញ។

«វិក្កយបត្រឌីជីថលនេះ»នឹងជួយសម្រួលឲ្យអ្នកប្រើប្រាស់ធ្វើការចេញវិក្កយបត្រនិងធ្វើការទូទាត់។បច្ចេកវិទ្យាឌីជីថលនេះ ជួយឲ្យសហគ្រាសធនតូចនិងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់។

លោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រង LOCALIZE TECH SOLUTION CO.,LTD បានថ្លែងថា៖Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡានសម្រាប់សហគ្រាសធនតូច និង មធ្យមដែលមានឈ្មោះថា LocalizeBook ។

លោកបានបញ្ជាក់ថា៖បេសកម្មរបស់ LOCALIZE គឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយឲ្យសហគ្រាសធនតូច និងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហរិញ្ញវត្ថុច្បាស់លាស់ ។មុខងារថ្មីនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន Localize និង ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank) ។  Localize នឹងធ្វើការភ្ជាប់API Integrationជាមួយសេវាទូទាត់ប្រាក់តាមអនឡាញរបស់ធនាគារ ABA (ABA Payway) ទៅក្នុងមុខងារទូទាត់វិក្កយត្របច្ចុប្បន្នដែលមានស្រាប់ ។

លោកបានបន្ថែមថា៖ បន្ទាប់ពីមុខងារថ្មីនេះដាក់ឲ្យដំណើរការ អ្នកប្រើប្រាស់របស់ប្រព័ន្ធ LocalizeBook ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ថ្មីមួយទៀតគឺ អាចចេញវិក្កយបត្រ ដោយភ្ជាប់ KHQR Code របស់ធនគា ABA ដោយស្វ័យប្រវត្តិ តាមរយៈប្រព័ន្ធ Localize តែម្តងដោយមិនចាំបាច់ធ្វើការជាមួយ ធនគារ ABA ទេ ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលអតិថិជនរបស់គាត់ធ្វើការទូទាត់ប្រាក់តាមរយៈ KHQR ខាងលើ ប្រព័ន្ធ LocalizeBook នឹងជូនដំណឹងទៅអ្នកប្រើប្រាស់វិញ រួចធ្វើការទូទាត់ក្នុងប្រព័ន្ធ និងចេញបង្កាន់ទទួលប្រាក់ជូនអតិថិជនវិញដោយស្វ័យប្រវត្តិ ។

លោកទុយ ហុង បានមានប្រសាសន៍ថា៖« ជារួម មុខងារថ្មីនេះ នឹងជួយសម្រួលឲ្យអ្នកប្រើប្រាស់ធ្វើការចេញវិក្កយបត្រ និងធ្វើការទូទាត់ ដោយគ្រាន់តែចុចមួយប៊ូតុងប៉ុណ្ណោះ» ។

លោក ទុយ ហុង ស្ថាបនិក និងជានាយកគ្រប់គ្រង LOCALIZE TECH SOLUTION CO.,LTD

ថ្លែងក្នុងពិធីបើកដំណើរការ“វិក្កយបត្រឌីជីថលជាមួយនឹងABA Payway»លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានស្ងើចសរសើរ និង អបអរសាទរដល់ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ដែលជាម្ចាស់ជ័យលាភីលេខ ១ក្នុងកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលឆ្នាំ២០២២ សម្រាប់​បើកសម្ពោធមុខងារថ្មី និង ការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ABA Bank។

លោកបណ្ឌិតបានមានប្រសាសន៍ថា៖« វិក្កយបត្រឌីជីថលនេះ គឺជាសមិទ្ធផលមួយថ្មី នៅក្នុងវិស័យឯកជនជួយគាំទ្រទៅដល់ប្រព័ន្ធអេកូឡូស៊ីនៃការធ្វើធុរកិច្ចនៅកម្ពុជា»។

លោកបណ្ឌិតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ បានសម្តែងនូវភាពរីករាយដែលខលឡាយស៍ បានរីកធំធាត់ មានអតិថិជនគាំទ្រ  មានដៃគូធំៗ ជាពិសេសអាចចាប់ដៃគូជាមួយធនាគារធំៗដូចជាABA មិនមែនជារឿងធម្មតានោះទេលុះត្រាណាLocalizeមានសក្តានុពល សមត្ថភាព និងនវានុវត្តន៍ ដែលបម្រើទិសដៅរួមគ្នាក្នុងការកសាងប្រព័ន្ធទូទាត់ បច្ចេកវីទ្យាហិរញ្ញវត្ថុ បញ្ជីគណនេយ្យត្រឹមត្រូវ។លោកបណ្ឌិតសង្ឃឹមថា Localize នឹងក្លាយជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ

លោក Zokhir Rasulov នាយកផ្នែកឌីជីថលនៃធនាគារ ABA បានលើកឡើងថា៖ភាពជាដៃគូរវាង Localize និង ABA នឹង​ជួយជំរុញការរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសជួយទៅដល់អាជីវកម្មរបស់សហគ្រាសធនតូចនិងមធ្យមនៅកម្ពុជា។

លោក Zokhir Rasulov នាយកផ្នែកឌីជីថលនៃធនាគារ ABA

គួរជម្រាបផងដែរថា៖នៅក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការ“វិក្កយបត្រឌីជីថលជាមួយនឹងABA Payway»នោះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនជំនាញខាងគណនេយ្យផងដែរ៕