សន្ដិសុខសង្គម

បញ្ជូនជនជាតិថៃ២នាក់ទៅតុលាការករណីរក្សាទុកចែកចាយនិងប្រើប្រាស់គ្រឿងញៀន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថខេត្ថបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិថៃ២នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ ទី១២ ខែមករា  ឆ្នាំ ២០២៤ដើម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី  នួន  នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា  : កាលពីពាក់កណ្តាលយប់ ថ្ងៃទី០៩  ខែមករា  ឆ្នាំ ២០២៤ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានបើកប្រតិបត្តិការ បង្ក្រាបករណីរក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ឃាត់ជនសង្ស័យ ជនជាតិថៃ ប្រុស -ស្រី  ២នាក់  នៅចំនណុចមុខអគារស្នាក់នៅមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់យកសម្ភារវត្ថុតាំងមួយចំនួន ។

ជនសង្ស័យទី១-ឈ្មោះ ប៊ុនយ៉ាសាតា ប៉ូរ៉ាមេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងទី២-ឈ្មោះ យូស៊ីតា ឆាន់ថាជីនដា (ភីម) ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  មានបញ្ហាសុខភាពសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក សិរីសោភ័ណ។

ឯវត្ថុតាងចាប់បានរួមមាន ៖ – គ្រឿងញៀនពណ៌ក្រហមរូបសេះ ចំនួន ០៣កញ្ចប់ ទម្ងន់ ៤១,០០ក្រាម,  -ម៉្សៅពណ៌ស ៤០៨ បំពង់ ទម្ងន់ ៣៥៧,៣ ក្រាម,  -ម៉្សៅពណ៌ស ចំនួន ០៣កូនថង់កិប ទម្ងន់ ២,៤៦ក្រាម, -ទូរសព្ទដៃ ចំនួន០២គ្រឿង,  -នាឡិកាដៃ ចំនួន០២គ្រឿង,  -កាបូប ចំនួន០២,  -លិខិតឆ្លងដែន ចំនួន០២ក្បាល,  -ឯកសារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួន,  -ជញ្ជីងថ្លឹង ចំនួន ០១គ្រឿង ,  -ថង់វេចខ្ចប់មួយចំនួន។

សមត្ថកិច្ចបន្តថា  មុនឈានដល់ការបង្រ្កាបករណីនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបាន  ទទួលពត៌មានពីសន្ដិសុខថា មានករណី រក្សាទុក ចែកចាយ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។  ភ្លាមៗលោកបានដឹកនាំកម្លាំងបានចុះទៅដល់ចំណុចកើតហេតុខាងលើ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំ២នាក់  រួមនឹងវត្ថុតាង ថ្នាំញៀន  ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ  និងចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា  តារា  មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា  ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕