ព័ត៌មានជាតិ

នៅសង្កាត់ម្កាក់ក្រុងសិរីសោភ័ណទទួលបានថ្នល់កៅស៊ូ២ជាន់ប្រវែង២,១៩៥ម៉ែត្រពីគម្រោង ភូមិTSSD-AF

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ភូមិមួយចំនួននៅខាងកើតផ្លូវជាតិលេខ៥៦នៃសង្កាត់ម្កាក់ក្រុងសិរីសោភ័ណទទួលបានថ្នល់កៅស៊ូ២ជាន់ប្រវែង២,១៩៥ម៉ែត្រពីគម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាបជំហាន២ (TSSD-AF ) ដែលបានប្រភពថវិកាមូលនិធីកសិកម្មអន្តរជាតិនៃអង្គការសហប្រជាជាតិ(IFAD)និងឥណទានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងបដិភាគនៃរាជរដ្ឋាភិបាលកម្ពុជា  ។

ការកែលម្អផ្លូវកៅស៊ូDBST នេះចំណាយថវិកាចំនួន១៩៦.៨៩២,៧៤ដុល្លារអាមេរិក  ដែលបញ្ចប់ការចាក់កៅស៊ូនៅថ្ងៃទី១២ខែមករាឆ្នាំ២០២៤ នេះ ដែលសាងសង់ដោយអ្នកទទួលការ General Building Construction Co,Ltd ។

នេះបើតាមលោកសែម ថូយ ចៅសង្កាត់ម្កាក់បានរាយការណ៍ជូនមន្ត្រីថ្នាក់ដឹកនាំក្រុមការងារ ក្រុងនិងភ្ញៀវកិត្តិយសដែលចូលរួមក្នុងកម្មវិធីរួមបីគឺអបអរឆ្លងឆ្នាំថ្មី ,ពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ )និងពិធីអបអរទទួលនូវសមិទ្ធផលផ្លូវកៅស៊ូថ្មី១ខ្សែនៅភូមិចំនួន៤ សង្កាត់ម្កាក់កាលពីល្ងាចនិងរាត្រីថ្ងៃទី១១ខែមករាឆ្នាំ២០២៤  ។

នៅពេលចុះត្រួតពិនិត្យនឹងវាយតម្លៃបញ្ចប់ការសាងសង់១០០% ផ្លូវកៅស៊ូពីរជាន់ ប្រវែង២.១៩៥ម៉ែត្រ ក៏មានការអញ្ជើញចូករួមដោយលោកហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ស្រេង សុផល អភិបាលក្រុង លោក លោកស្រីទីប្រឹក្សាគម្រោងថ្នាក់ជាតិ លោកលោកស្រីទីប្រឹក្សាថ្នាក់ខេត្ត តំណាងក្រុមហ៊ុន លោក លោកស្រីប្រធានគម្រោងថ្នាក់ក្រុង លោកចៅសង្កាត់ លោកលោកស្រីសមាជិកក្រុមប្រឹក្សា លោក លោកស្រីមេភូមិសមាជិកភូមិផងដែរ ។

លោកស្រេង សុផល  អភិបាលក្រុងសិរីសោភ័ណនិងជាប្រធានក្រុមការងារក្រុងចុះមូលដ្ឋានសង្កាត់ម្កាក់អោយដឹងថា : ការប្រាព្ធកម្មវិធី៣ បញ្ចូលគ្នាគឺអបអរឆ្លងឆ្នាំថ្មី ,ពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០២៤ )និងពិធីអបអរទទួលនូវសមិទ្ធផលផ្លូវកៅស៊ូថ្មី១ខ្សែនៅភូមិចំនួន៤ សង្កាត់ម្កាក់នេះ ចំពេលដែលបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស និយាយដោយឡែកនៅក្រុងសិរីសោភ័ណនិងសង្កាត់ម្កាក់នេះ កំពុងសោមនស្សរីករាយនិងមានសេចក្តីសុខសុភមង្គលក្រោមម្លប់សន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍបន្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕