ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A ចំនួន ៨២ នាក់

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ កាលពីព្រឹក ថ្ងៃ ទី ១៣  មករា  ២០២៤ បានធ្វើពិធីផ្តល់រង្វាន់ដល់ សិស្ស ប្រឡង ជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬBaccII និទ្ទេស A  ចំនួន ៨២ នាក់  សម័យ ប្រឡង ថ្ងៃទី០៦  ខែវិច្ឆិកា  ឆ្នាំ២០២៣ ដោយម្នាក់ៗទទួលបា ប័ណ្ណសរសើរ១សន្លឹកនិងកុំព្យួទ័រយួរដៃ(Laptop) ១ គ្រឿង។

នេះជាការផ្តល់លើកទី២ បន្ទាប់ពីការផ្តល់ដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ពិធីនេះបានអញ្ជើញចូលរួម ដោយថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរ មន្ទីរ អង្គភាព គណៈគ្រប់គ្រង វិទ្យាល័យនិងអាណាព្យាបាលសិស្ស។ រង្វាន់ទាំងនោះគឺទទួលបានពីរដ្ឋបាលខេត្តនិងឧបត្ថម្ភពីមន្ត្រី សប្បុរសជនជាច្រើនផងដែរ ។

លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា : ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅខេត្តបន្ទាយមានជ័យ ឆ្នាំសិក្សាឆ្នាំ ២០២២ -២០២៣ កន្លងមកនេះមានបេក្ខជនក្នុងបញ្ជីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់/បេក្ខនារី៣.៣៧៧នាក់។

បេក្ខជនបានប្រឡងជាប់មានចំនួន៤.១៤៣នាក់/ស្រី២.៥០៥នាក់ ។ ក្នុងបេក្ខជនជាប់ចំណាត់ថ្នាក់និទ្ទេសA ចំនួន៨២នាក់/ ស្រី៤៣នាក់ ។និទ្ទេស B ចំនួន ៣៣១នាក់ /ស្រី២០៧នាក់ និទ្ទេស C មានចំនួន ៦៤៦ នាក់ /ស្រី៤៣៥ និទ្ទេស D មានចំនួន ១.៤១៨នាក់ /ស្រី៨៧១ និងនិទ្ទេស E ចំនួន១.៦៦៦នាក់/ស្រី៩៤៩នាក់ ។

នាឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : ឆ្នាំ២០២៣ កន្លងមកនេះ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ បានគោរពតាមគោលការណ៍ប្រឡងបាក់ឌុបបានល្អ មានវិន័យតឹងរឹងខ្លាំង មានស្តង់ដារ គុណភាពខ្ពស់ បេក្ខជន បេក្ខនារី គោរពម៉ោង រួមទាំង វិន័យប្រឡង មិនយកសំណៅឯកសារ ចម្លើយ ក៏ដូចឧបករណ៍ អេឡិចត្រូនិចចូលក្នុងថ្នាក់ប្រឡង ពោលគឺគោរពតាមបទបញ្ជាបទបញ្ញត្តិ ដែលក្រសួងបានដាក់ចេញ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ្នកចេះ គឺជាប់។បេក្ខជននិងបេក្ខនារី មិនបានធ្វើផ្ទុយនឹងបទបញ្ញត្តិនិងកម្រិតវិន័យរបស់ក្រសួងអប់រំឡើយ។

លោកអ៊ុំ រាត្រី បានរំលឹកនូវប្រសាសន៍សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលថ្លែងដូច្នេះថា «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀនសូត្ររបស់ក្មួយៗទាំងអស់ រហូតទទួលបាននិទ្ទេសA និងសូមអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំទាំងអស់ គ្រប់ជាន់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី មាតាបិតាអាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកដល់ការសម្រេចបានជោគជ័យនេះ»។

កាលពីថ្ងៃទី០៩ខែមករា ឆ្នាំ២០២៤នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វា (OCIC) រាជធានីភ្នំពេញកន្លងមក សម្តេចធិបតីបានជួបសំណេះសំណាលនិងផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ចំនួន១.៦៩១នាក់  ដោយម្នាក់ៗទទួលបានកាក់រូបហង្សចំនួន១, សៀវភៅអានមួយប្រអប់ ដែលមានសៀវភៅក្រមង៉ុយមួយក្បាល និងសៀវភៅបណ្ឌិតអ៊ូចុង មួយក្បាល, ហ្គាឡាក់ស៊ីថែបមួយគ្រឿង (ឧបត្ថម្ភដោយក្រុមហ៊ុន ជីប ម៉ុង) និងថវិកា២លានរៀល។

ការផ្តល់ជូននូវរង្វាន់ដល់សិស្សនិទ្ទេស A នេះ គឺជាការលើកទឹកចិត្ត និងឆ្លើយតបទៅនឹង ការខិតខំរៀនសូត្ររបស់ បេក្ខជនទាំងអស់ រហូតទទួលបាននិទ្ទេសA។

បន្ថែមពីនេះ សម្តេចថែមទាំងបានផ្តាំផ្ញើឱ្យសិស្សានុសិស្សទាំងអស់បន្តការសិក្សា ដោយជោគជ័យសម្រាប់ជាមូលធនមនុស្សដ៏រឹងមាំសម្រាប់មាតុភូមិផងដែរ។

នៅបញ្ចប់កម្មវិធីលោកអ៊ុំ រាត្រី បានថ្លែងអំណរគុណមន្ត្រីរាជការស៊ីវិល សមត្ថកិច្ចជំនាញ កងកម្លាំង និងសប្បុរសជននានាដែលបានបរិច្ចាគថវិកាសម្ភារមក រួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ទិញកុំព្យួទ័រយួរដៃ(Laptop)ចែកជូនដល់សិស្សទាំង៨២នាក់ ។

លោកបានប្រគល់លិខិតថ្លែងអំណរគុណ។ជាមួយនោះក៏បានប្រគល់រង្វាន់ដល់សិស្សនិទ្ទេសA ជ័យលាភី ,ប័ណ្ណសរសើរនិងថតរូបទុកជាអនុស្សាវរីយ៍ដ៏រីករាយទៀតផង៕