អន្តរជាតិ

អាមេរិកនិងអង់គ្លេសសហការគ្នាវាយប្រហារលើក្រុមហ៊ូធីនៅយេម៉ែន

ប្រែសម្រួល៖​ស.សម្បត្តិ

វ៉ាស៊ីនតោន៖នៅថ្ងៃព្រហស្បតិ៍ ទី១១ មករា មន្ត្រីអាមេរិកបួនរូបបានប្រាប់សារព័ត៌មាន Reuters ថាកងទ័ពអាមេរិកនិងអង់គ្លេសបានសហការគ្នាបើកការវាយប្រហារលើគោលដៅដែលពាក់ព័ន្ធនឹងចលនា ហ៊ូធីនៅយេម៉ែន។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ជាច្រើន​បាន​ថ្លែងឲ្យដឹង​ថា កិច្ចសហប្រតិបត្តិការនេះគឺមានការវាយ​ប្រហារដោយ​យន្តហោះ​ចម្បាំង និង​កាំជ្រួចផ្លោង Tomahawk។ មន្ត្រី​អាមេរិក​មិន​បាន​បញ្ជាក់​ពី​របាយការណ៍​នេះ​ភ្លាមៗ​ទេនៅ​ពេល​ដែលAFPបានសុំធ្វើការទាក់ទង​។

កាលពីថ្ងៃព្រហស្បតិ៍ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយថា កិច្ចសហប្រតិបត្តិការក្នុងការវាយប្រហារនេះត្រូវបានធ្វើឡើងដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ផងដែរ។

សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបានឲ្យដឹងថាកិច្ចការសហប្រតិបត្តិការក្នុងការវាយប្រហារនេះគឺជាការ “ឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហ៊ូធី ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងនាវាដែលធ្វើដំណើរលើដែនសមុទ្រអន្តរជាតិក្នុងសមុទ្រក្រហម” ។

លោកបានបន្តថា “ការវាយប្រហារទាំងនេះបានបង្កឲ្យមានគ្រោះថ្នាក់ដល់កងយោធាអាមេរិកដូចជា ទាហានជើងទឹកស៊ីវិល និងសម្ព័ន្ធមិត្តរបស់យើងក្នុងការធ្វើពាណិជ្ជកម្មក្រោមស្ថានភាពដ៏គ្រោះថ្នាក់ និងរងការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍លើដែនសមុទ្រអន្តរជាតិក្នុងសមុទ្រក្រហម” ។

លោក Biden បានសង្កត់ធ្ងន់ថា លោក “មិនស្ទាក់ស្ទើរ” នឹងចាត់វិធានការបន្ថែមទៀតដើម្បីការពារសុវត្ថិភាពនៃលំហូរសេរីនៃពាណិជ្ជកម្ម។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងថា កងកម្លាំងអាកាសអង់គ្លេស រួមជាមួយនឹងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារលើគោលដៅក្រុមប្រដាប់អាវុធហ៊ូធី៕