អន្តរជាតិ

មេដឹកនាំបក្សកុម្មុយនិស្តវៀតណាមបាត់មុខពីការទទួលភ្ញៀវដោយសារបញ្ហាសុខភាព

ប្រែសម្រួល៖ ស.សម្បត្តិ

លោក Nguyen Phu Trong ដែលមានអាយុ ៧៩ ឆ្នាំបានកាន់តំណែងជាប្រធានបក្សកុម្មុយនិស្តតាំងពីឆ្នាំ ២០១១ ជាមេដឹកនាំដ៏មានឥទ្ធិពលនៅក្នុងប្រព័ន្ធនយោបាយបក្សកុម្មុយនិស្តរបស់វៀតណាម តែមួយគត់ហើយតែងតែចេញមុខទទួលភ្ញៀវឥស្សរជនបរទេសនៅក្នុងការជួបប្រជុំជាលក្ខណៈផ្លូវរដ្ឋនិងឯកជន។

ក៏ប៉ុន្តែនៅថ្ងៃសុក្រ ទី១២ មករានេះ ប្រមុខបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ដែលគេជឿថាគាត់នឹងខកខានក្នុងការទទួលប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo  ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីរទៅកាន់ទីក្រុងហាណូយនៅចំពេលដែល លោក Nguyen Phu Trong មានបញ្ហាសុខភាពនៅក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ។

ប៉ុន្តែបើ​យោង​តាម​របៀបវារៈ​ព្រាង​ពី​ក្រសួងការបរទេស​វៀតណាម និង​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូនេស៊ីគឺលោក Nguyen Phu Trong ​មិនមាន​គម្រោង​ជួបលោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី Joko Widodo នៅក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ក្នុងថ្ងៃ​សុក្រ​នេះ​ទេ។

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយផ្សេងទៀតនោះគឺលោក Trong ក៏​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​រាយនាមមេដឹកនាំ​វៀតណាម​ដែល​បាន​ចេញមុខមកទទួល​លោក Sonexay Siphandone នាយករដ្ឋមន្ត្រី​ឡាវ​កាលពី​ចុង​សប្តាហ៍​មុនផងដែរ​។

លោក​មិន​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ​ចាប់​តាំង​ពី​ថ្ងៃ​ទី ២៦ ខែ​ធ្នូ នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​ប្រធាន​គណបក្ស​កុម្មុយនិស្ត​ជប៉ុន Kazuo Shii នៅ​ទីក្រុង​ហាណូយ។

ក្រសួងការបរទេសវៀតណាមមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការធ្វើអត្ថាធិប្បាយអំពីសុខភាពរបស់លោក Nguyen Phu Trong Trong ប្រធានបក្សកុម្មុយនិស្តវៀតណាមនោះទេ៕

ប្រភព៖ Reuters/ec