សន្ដិសុខសង្គម

ទ្រាំនឹងអ្នកជិតខាងផឹកស៊ីចាក់ធុងបាស់ខ្លាំងៗទាញកាំភ្លើងគំរាមត្រូវសមត្ថកិច្ចនាំខ្លួន

បាត់ដំបង÷ បុរសម្នាក់អត់ទ្រាំនឹងអ្នករស់នៅជិតខាងផឹកស៊ីចាក់ធុងបាស់បំពងសំឡេងខ្លាំងៗបានទាញកាំភ្លើងចម្លែកមកគំរាម ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តច្បាប់។

នគរបាលជំនាញបានប្រាប់ឲ្យដឹងថា÷ ការឃាត់ខ្លួនបុរសវ័យជាង ៤០ឆ្នាំខាងលើធ្វើឡើងនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤កន្លងមកថ្មីៗនេះ។ បុរសជនបង្កមានឈ្មោះសា ម្លិះ ភេ ទ ប្រុស អាយុ ៤៣ឆ្នាំ  មានទីលំ នៅ ក្នុងភូមិដង្កោទាប សង្កាត់ទួល តា ឯក ក្រុង បាត់ដំបង ខេត្តបាត់ដំបង។

ប្រភពសមត្ថកិច្ចដដែលបានបញ្ជាក់បន្តថា÷ នៅថ្ងៃកើតហេតុថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោ ង ៩:០០នាទីយប់ នៅត្រង់ចំណុចក្រុមទី ០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ជនសង្ស័យបានដកអាវុធចេញពីហោប៉ៅ ហើយភ្ជង់ទៅលេីជនរងគ្រោះ និងជាដើមបណ្តឹង ឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ  មានទីលំនៅក្បែរគ្នាក្នុងភូមិ សង្កាត់ ខាងលើ ដោយសារខឹងនឹងជនរងគ្រោះផឹកស៊ីរួចចាក់ធុងបាស់ខ្លាំងៗ នាំឲ្យរំខាន។

សម្ភារដែលដកហូតក្រោយការនាំខ្លួនរួមមាន÷ កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរសព្ទដៃ មានលេខ IC៣៨០ មួយដើមមានគ្រាប់ចំនួន ០៦គ្រាប់, ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅមួយ
និងម៉ូតូម៉ាក់ Yamaha Sirius ពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១៧-៣៥៥០ មួយគ្រឿងផងដែរ។

អាវុធប្រភេទ IC៣៨០ ខាងលើជាអាវុធពិតប្រាកដដែលគេផលិតឡេីងមានរូបរាងដូចទៅនឹងទូរសព្ទដៃសេរីទំនេីប ហើយនៅពេលកាន់ប្រេីប្រាស់មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែធ្វេីសកម្មភាពបាញ់ចេញទេីបដឹងថាវាជាអាវុធ ដែលអាចបង្កការគ្រោះថ្នាក់សម្លាប់មនុស្សបាន។

ចំពោះមុខជនសង័្សយ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕