សន្ដិសុខសង្គម

ក្រុមក្មេងជិះម៉ូតូដេញកាប់គ្នានៅប៉ោយប៉ែតមួយករណីទៀតត្រូវចាប់ខ្លួន៣នាក់បញ្ជូនទៅតុលាការ

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កម្លាំង​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនទៅសាលាដំបូង​នៅព្រឹកថ្ងៃទី១២ ខែមករា​ ឆ្នាំ​២០២៤ នូវជនសង្ស័យ០៣នាក់ក្នុងករណីធ្វើឱ្យខូចខាតដោយចេតនានិងលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ឬករណីជិះម៉ូតូដេញវាយកាប់ ឆក់កាបូបគ្នានៅក្រុងប៉ោយប៉ែត។

រឿងហេតុនេះប្រព្រឹត្តកាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចឃ្លាំងលក់រថយន្តHD ស្ថិតក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត  ហើយរហូតដល់ យប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានម្នាក់នៅចំណុចភូមិទំនប់ក៥សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​ជាមួយនោះបង្ក្រាបបាន២នាក់ទៀតកាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្សេងទៀត ។

លោក​ វរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានអោយដឹងថ្ងៃទី១១ខែមករាថា : កម្លាំងលោកបានបើកប្រតិបត្តិការស្រាវជ្រាវ​ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ក្នុងករណីនេះ គឺធ្វើឡើងដោយផ្អែកតាមពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន០៣នាក់រស់នៅផ្សេងៗពីគ្នា។

សមត្ថកិច្ចបានរំលឹកថា កាលពីល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤​ មានសង្ស័យមួយក្រុមបានធ្វើសកម្មភាព ជិះម៉ូតូដេញវ៉ៃ ទៅលើជនរងគ្រោះឈ្មោះ​ គង់ រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ ដោយជនរងគ្រោះបានជិះម៉ូតូគេចខ្លួន​ ចូលក្នុងឃ្លាំងរថយន្តHD ហើយក្រុមជនសង្ស័យបានជិះម៉ូតូដេញតាមដល់ឃ្លាំងលក់រថយន្ត និងបានកាប់បំផ្លាញម៉ូតូម៉ាកCPX ពណ៌ស ផលិត ឆ្នាំ២០២៣ របស់ជនរងគ្រោះទៀតផង។

ក្រោយពីធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរួច​ នៅយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ក្រុមជនសង្ស័យបានបន្តធ្វើសកម្មភាពឆក់កាបូប​ របស់ជនរងគ្រោះផ្សេងទៀតឈ្មោះ​ ឈាង សុដាណេ ភេទស្រី អាយុ ១៨ឆ្នាំ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបានជិះម៉ូតូគេចខ្លួន ។

បន្ទាប់ពីត្រូវសមត្ថកិច្ចឃាត់ខ្លួននិងសួរនាំ ពួកគេបានឆ្លើយសារភាពថា :ពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញវ៉ៃ​ និងកាប់បំផ្លាញម៉ូតូ ព្រមទាំងឆក់យកកាបូបរបស់ជនរងគ្រោះនោះពិតមែន​ព្រោះមានទំនាស់មួយករណីនិងចង់បានលុយមួយករណីទៀត។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕