សន្ដិសុខសង្គម

ក្មេងពីរក្រុមដេញកាប់គ្នាជ្រុលទៅបុកជាមួយរថយន្តបណ្តាលឲ្យស្លាប់ម្នាក់,របួសបីនាក់លើផ្លូវជាតិលេខ៦

ដោយ៖ គងហេង
កំពង់ចាម៖ អំពើហិង្សា ដែលផ្តើមចេញពីគំនុំរវាងយុវជនជាក្មេងទំនើងចំនួន ពីរ ក្រុមបានជិះម៉ូតូដេញកាប់ និងគប់យ៉ាងអនាធិបតេយ្យ បង្កឱ្យបុកយ៉ាងពេញទំហឹងជាមួយរថយន្តមួយគ្រឿងដែលកំពុងបើកបរបណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន បី នាក់នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៨៧-៨៨ ស្ថិតក្នុងភូមិត្រពាំងស្លា ឃុំសំពងជ័យស្រុកជើងព្រៃ នៅម៉ោងប្រមាណ៤ រសៀសថ្ងៃទី ១១ មករា ម្សិលមិញនេះ។


សេចក្តីរាយការណ៍របស់សមត្ថកិច្ចស្រុកជើងព្រៃបានឱ្យដឹងថា៖ យុវជនដែលជាអ្នកបើកម៉ូតូដេញកាប់គ្នានៅលើផ្លូវជាតិ ហើយត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងឈ្មោះ ហេង ចាន់ទិ អាយុ ២២ ឆ្នាំ បើករម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1AD-8286 និងម្នាក់ទៀតដែលជិះខាងក្រោយជាបក្ខពួកបានរងរបួសធ្ងន់បញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យឈ្មោះ ភាព សុភ័ក្រ្ត អាយុ ២៥ ឆ្នាំ។ ទាំងពីរនាក់មានទីលំនៅភូមិសង្កែ ឃុំស្តើងជ័យ ស្រុកជើងព្រៃ។


សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា៖ នៅមុនជួបគ្រោះថ្នាក់ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូឌុបគ្នាប្រដាប់ដោយដាវ និងកាំបិត ដេញកាប់ទៅលើបក្ខពួកមួយក្រុមទៀត ឈ្មោះឡា រតនា ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃជាសិស្ស ជិះម៉ូតូម៉ាក សេ១២៥ ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GU-3640 ឌុបឈ្មោះភៀង ជីង ភេទប្រុសអាយុ ១៨ ឆ្នាំ រស់នៅភូមិចំបក់ឃុំសំពងជ័យ បានរ៉េចង្កូតទៅបុករោងលក់ដូរចិញ្ចើមផ្លូវ ធ្វើឱ្យទាំងពីរនាក់របួសធ្ងន់។ ចំណែកបក្សពួកបួននាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។


សេចក្តីរាយការណ៍បានបន្តថា៖ រីឯ ឈ្មោះហេង ចាន់ទិ បានជិះម៉ូតូប្រើប្រាស់ល្បឿនលឿនជ្រុលបានរ៉េចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកMG(អឹមជី)ស្លាកលេខភ្នំពេញ 2AV-8946 ទិសដៅបញ្ច្រសគ្នា អស់មួយទំហឹង បណ្ដាលឱ្យឈ្មោះហេង ចាន់ទិ ស្លាប់និងបក្ខពួកម្នាក់ទៀតរងរបួសធ្ងន់។ សរុបបង្កឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ចំនួន បី នាក់ ហើយករណីនេះសមត្ថកិច្ចកំពុងចាត់វិធានការតាមនីតិវិធី៕