សេដ្ឋកិច្ច

នៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ ៤៦ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ភ្នំពេញ៖ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ នៅក្នុងឆ្នាំ២០២៣ សម្រេចបាននូវទឹកប្រាក់ចំនួន ៤៦,៨២៨,០៣២,០០០ដុល្លារសហរដ្ឋអាមេរិក។នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។
ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា រយៈពេល១២ខែ ចាប់ពីខែមករា-ធ្នូ ឆ្នាំ២០២៣ ការនាំចេញកម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិ មានទឹកប្រាក់ចំនួន ២២,៦៤៤,៩៨៩,០០០ដុល្លារកើនឡើង១,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ មានទឹកប្រាក់ ២២,២៥១,២៣៥,០០០ដុល្លារ។ ដោយឡែកចំពោះទិន្នន័យការនាំចូលវិញ បើតាមរបាយការណ៍បានបង្ហាញថា កម្ពុជានាំចូលទំនិញក្នុងបរិមាណចំនួន ២៤,១៨៣,០៤៣,០០០ដុល្លារ ធ្លាក់ចុះ ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ ចំនួន ២៥,៤៦០,៤៣៤,០០០ដុល្លារ។
ប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ទីផ្សារប្រទេសចិនមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ ដោយសម្រេចបានទឹកប្រាក់ជាង ១២ពាន់លានដុល្លារ កើនឡើង ៥ភាគរយ ។ ចំណែកអាមេរិក ស្ថិតនៅលេខរៀងទីពីរ ដែលមានទំហំមានទឹកប្រាក់ប្រមាណជាង ៩,១៥ពាន់លានដុល្លារ ថយចុះ ១.៤ភាគរយ ។
រីឯប្រទេសវៀតណាមឈរនៅលេខរៀងទី៣ មានទំហំជាង ៦ពាន់លានដុល្លារ កើនឡើង៧.៣ភាគរយ,បន្ទាប់មកគឺប្រទេសថៃ ៣,៧ពាន់លានដុល្លារ ។ ចំណែកប្រទេសជប៉ុនមានជាង ១,៧៩ពាន់លានដុល្លារ ធ្លាក់ចុះ ៧.២ភាគរយ ឥណ្ឌូណេស៊ី ជាង១ពាន់លានដុល្លារ និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀត។
ដោយឡែក ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសវិញ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់ បន្សំ មានទឹកប្រាក់ជិត ៨ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី មានទឹកប្រាក់ជាង ៣ពាន់លានដុល្លារ, វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ មានទឹកប្រាក់ជាង ១ពាន់លានដុល្លារ និងផលិតផលមួយចំនួនដូចជាស្រូវ អង្ករ ស្វាយចន្ទី កៅស៊ូ កង់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គុជខ្យងធម្មជាតិ ឬចិញ្ចឹម ត្បូងថ្ម ស្បែកជើង ស្រោមជើងនិងទំនិញផ្សេងៗដទៃទៀត។
គួររម្លឹកថា៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិ មានចំនួនសរុបជាង ៥២,៤ ពាន់លានដុល្លារ កើនឡើង ៩.២ ភាគរយបើធៀបទៅនឹងឆ្នាំ២០២១ ដែលមានចំនួនជាង ៤៨ ពាន់លានដុល្លារ។កម្ពុជាបាននាំចេញទំនិញទៅទីផ្សារអន្តរជាតិ មានជាង២២,៤ ពាន់លានដុល្លារ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានតម្លៃជិត ៣០ ពាន់លានដុល្លារ ៕