សន្ដិសុខសង្គម

ខេត្តត្បូងឃ្មុំចុះកម្ទេចទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅសំពៅលូនស្រុកមេមត់ចំនួន២៨កន្លែង

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ កម្លាំងចម្រុះដឹកនាំដោយលោក ប៉េង សម្បត្តិ ជាអភិបាលរងខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីលោក សូ សុវិទ្យា និងលោក ឡាយ ឃាង ជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តនេះបានចុះពិនិត្យ និងកាយកម្ទេចចោលសំណង់ជា ខ្ទម តូច ធំ ចំនួន ២៨ កន្លែង ជាជម្រកទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ នៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ នៅថ្ងៃទី ១០ មករាម្សិលមិញនេះ។


សមត្ថកិច្ចដែលបានចូលរួមក្នុងប្រតិបត្តិការកាយកម្ទេចកន្លែងធ្វើអាជីវកម្មរ៉ែមាស អនាធិបតេយ្យបានឱ្យដឹងថា៖ ក្នុងការកាយកម្ទេចបង្រ្កាបនោះ គ្មានការការចាប់ឃាត់ខ្លួនជនណាម្នាក់ទេ ឬក៏ដកហូតសម្ភារៈជាវត្ថុតាង អ្វីនោះដែរ។ ដោយសារតែមុនឈានដល់ប្រតិបត្តិការនេះ ខាងរដ្ឋបាលខេត្តត្បូងឃ្មុំបានជូនដំណឹងចំនួន ពីរ សប្តាហ៍មុនរួចហើយ។


សូមបញ្ជាក់ថា តំបន់រ៉ែមាសខាងលើមានផ្ទៃក្រឡាចំនួន ១០០ គីឡូម៉ែត្រក្រឡាក្នុងស្រុកមេមត់ គឺខាងក្រសួងរ៉ែ និងថាមពលបានសម្រេចផ្តល់អាជ្ញាប័ណ្ណរុករករ៉ែមាស ឱ្យទៅក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីមួយឈ្មោះ «រ៉ឺនេសង់ មីនើរ៉ល»កាលពីចុងឆ្នាំ២០២១៕