ព័ត៌មានជាតិ

ខេត្តកំពង់ចាមនឹងដាក់ដំឡើងបន្ថែមជញ្ជីងថ្លឹងរថយន្តមួយកន្លែងទៀតនៅស្រុកចម្ការលើ

ដោយ៖ គង់ហេង
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នឹងដំឡើងជញ្ជីងសម្រាប់ថ្លឹងរថយន្តផ្ទុកទំនិញលើសចំណុះបន្ថែមមួយកន្លែងទៀត នៅលើកំណាត់ផ្លូវជាតិលេខ ៧១ ក្នុងភូមិសាស្រ្តស្រុកចម្ការលើ។ ដោយការដាក់ដំឡើងជញ្ជីងថ្លឹងរថយន្តមួយកន្លែងបន្ថែមទៀតនេះ ធ្វើឡើងនៅក្រោយការសាងសង់ផ្លូវជាតិលេខ៧ រង្វង់មូលស្គន់ ស្រុកជើងព្រៃ មកដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាមហើយរួចរាល់។ នេះបើតាមឱ្យដឹងក្នុងខ្លឹមសារ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី ១១ មករានេះ។


ក្នុងខ្លឹមសារនៃសេចក្តីព្រាងកំណត់ហេតុកម្រាស់១០ទំព័រ អានដោយលោក នួន ណុយ នាយករងរដ្ឋបាលខេត្តបានបញ្ជាក់ថា៖ដោយសារប្រជាពលរដ្ឋដែលមានការយល់ដឹងនៅមានកម្រិត ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនបានបំផ្លាញផ្លូវដែល ជាសសៃឈាមសេដ្ឋកិច្ចទាំងមូលរបស់ប្រជាពលរដ្ឋជារួម។ ហើយជញ្ជីងចំនួន ពីរ កន្លែង គឺនៅត្រើងមួយកន្លែង និងមួយកន្លែងទៀតនៅថ្នល់កែង គឺនៅមិនអាចធានាបាន ដោយសារមានការអភិវឌ្ឍន៍ផ្លូវច្រើនពេកទើបបណ្តាលឱ្យមានការបើកបរវាង ផ្លូវហួសជញ្ជឹង។

បើទោះជាយើង(រដ្ឋបាលខេត្ត)ខំដាក់បារ៉ាស់បង្គោលរបងហើយ ក៏ប៉ុន្តែពួកគាត់(អ្នកបើកបររថយន្តធំដឹកទំនិញលើសចំណុះ)នៅតែបើកបុកទៀត ហើយ យើងក៏ស្រាវជ្រាវតាមចាប់ឡានដែលបង្ក ពេលខ្លះពួកគាត់ត្រូវគ្នាជាមួយអាជ្ញាធរសហគមន៍លួច ដាក់សោបើកកុងត្រួលឱ្យឡានមួយចំនួនតូច។


ខ្លឹមសារនៃកំណត់ហេតុបញ្ជាក់បន្តថា៖ អភិបាលខេត្តក៏ធ្លាប់មានវិធានការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន្រសួងសាធារណៈ និងដឹកជញ្ជួនរៀបចំឱ្យមានជណ្តឹងចល័តដាក់នៅពេលយប់ ហើយក៏មានអ្នកជួយ អន្តរាគមន៍ថែមទៀតផង ហើយអ្នកសារព័ត៌មានវាយប្រហារសមត្ថកិច្ចថា ជាកុងត្រូលជជុះ។

សូមឱ្យអភិបាលក្រុង ស្រុកជួយពិនិត្យមើល ណែនាំ អប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែល ប្រកបរបបដឹកជញ្ជូន ដែលមានរថយន្តធុនធ្ងន់ និងមួយទៀតត្រូវបន្ថែមជញ្ជីងនៅស្រុកចម្ការលើ បន្ទាប់ពីដំណើរការស្ថាបនាផ្លូវជាតិលេខ៧ រួចរាល់ ហើយការងារនេះ សូមឱ្យរដ្ឋបាលខេត្តចេញជាលិខិតណែនាំ ដល់រដ្ឋបាលក្រុង ស្រុក ៕