អន្តរជាតិ

អាមេរិកពន្យារពេលបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទរហូតដល់ឆ្នាំ ២០២៦

ប្រែសម្រួល៖ ស្រីស្រស់

វ៉ាស៊ីនតោន៖ អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បាននិយាយកាលពីថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ថា សហរដ្ឋអាមេរិកកំពុងជំរុញការវិលត្រឡប់របស់អវកាសយានិកដែលបានគ្រោងទុករបស់ខ្លួន ទៅកាន់ផ្ទៃព្រះច័ន្ទទៀត ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦។

Artemis ដែលត្រូវបានគេដាក់ឈ្មោះឲ្យដោយយកលំនាំតាមសាច់រឿងទេវកថាក្រិកជាប្អូនស្រីរបស់ Apollo ជំនាន់មុនត្រូវបានប្រកាសជាផ្លូវការតាំងពីឆ្នាំ ២០១៧ ដែលជាផ្នែកមួយនៃផែនការរបស់ទីភ្នាក់ងារអវកាសអាមេរិក ដើម្បីបង្កើតវត្តមានប្រកបដោយនិរន្តរភាពនៅលើភពព្រះច័ន្ទដែលជាភពមួយនៅជិតភពផែនដីបំផុតនិងត្រូវធ្វើការសិក្សាស្រាវជ្រាវនៅទីនោះសម្រាប់បន្តបេសកកម្មនាពេលអនាគតទៅកាន់ភពព្រះអង្គារ។

បេសកកម្ម​ដំបូង​​គឺ​ជាការ​បង្ហោះ​សាកល្បង​ដោយ​មិន​បាន​គិតថា​ទៅដល់​ឋាន​ព្រះច័ន្ទ​ឬនិង​ត្រឡប់​មក​វិញ​នោះ​មាន​ឈ្មោះ​ថា Artemis 1 ត្រូវបាន​ធ្វើនៅ​ក្នុង​ឆ្នាំ ២០២២ បន្ទាប់​ពីត្រូវ​បាន​ពន្យារ​ពេល​ជា​ច្រើន​លើកមក។

លោក Nelson បានប្រាប់អ្នកយកព័ត៌មានថា យានArtemis 2 ដែលមានការពាក់ព័ន្ធនឹងនាវិក ដែលគ្រោងនឹងចុះចតលើផ្ទៃព្រះច័ន្ទក៏ត្រូវបានពន្យារពេលពីចុងឆ្នាំនេះ ដល់ខែកញ្ញា ឆ្នាំ ២០២៥ ។

យាន Artemis 3 ដែលជាយានទីមួយនឹងត្រូវនាំមនុស្សដំបូងគេទៅចុះចតនិងដើរលើឋាន​ព្រះច័ន្ទស្របតាមគន្លងច័ន្ទគតិ នៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ដែលគ្រោងនឹងអនុវត្តនៅក្នុងខែកញ្ញា ឆ្នាំ ២០២៦។

លោក Nelson បាននិយាយថា “សុវត្ថិភាពគឺជាអាទិភាពចម្បងរបស់យើង ហើយដើម្បីផ្តល់ឲ្យក្រុម Artemis នូវពេលវេលាបន្ថែមទៀតដើម្បីគិតអំពីបញ្ហាដែលត្រូវឆ្លងកាត់ឧបសគ្គមួយចំនួន” ។

អង្គការ NASA ក៏កំពុងស្វែងរកការសាងសង់ស្ថានីយអវកាសស្របតាមគន្លងច័ន្ទគតិមួយដែលមានឈ្មោះថា Gateway ដែលជាយានអវកាសសម្រាប់បេសកកម្មចុះចតនៅពេលក្រោយ៕