អន្តរជាតិ

ភរិយានិងកូនប្រុសរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ជួយសហការស៊ើបអង្កេតលើករណីពុករលួយ

ប្រែសម្រួល៖ ស.សម្បត្តិ

ភរិយារបស់លោក Daim Zainuddin អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី និងកូនប្រុសទាំងពីររបស់គាត់បានចូលរួមសហការនៅក្នុងការស៊ើបអង្កេតរបស់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយក្នុងករណីពុករលួយរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី ។

នៅព្រឹកថ្ងៃពុធ ទី១០ ខែមករា អ្នកទាំងបីបានមកដល់ទីស្នាក់ការគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) ក្នុងទីក្រុង Putrajaya ដើម្បីផ្តល់របាយការណ៏ដល់គណៈកម្មាធិការប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេតលើសំណុំរឿងពុករលួយរបស់លោក Daim ដែលជាកម្មវត្ថុចម្បងសម្រាប់ការស៊ើបអង្កេត។ ភរិយានិងកូនប្រុសរបស់អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី Daim Zainuddin បានចូលរួមសហការក្នុងការស៊ើបអង្កេតលើករណីពុករលួយរបស់គាត់។

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីលោក Daim ធ្លាប់បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថាជា “មេធ្មប់តាមប្រមាញ់អ្នកនយោបាយ” ប្រឌិតរឿងប្រឆាំងនឹងគាត់ ហើយបានព្រមានថានឹងតបតនៅក្នុងពេលណាមួយ។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅមុនពេលចូលទៅក្នុងបរិវេណ MACC អ្នកស្រី Mdm Nai’mah Abdul Khalid ដែលជាភរិយាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីបាននិយាយថានាង និងកូនប្រុសរបស់គាត់នឹងផ្តល់កិច្ចសហការឲ្យបានពេញលេញដល់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយសមស្របទៅតាមតម្រូវការនៃច្បាប់។

នៅពេលដែលត្រូវបានទាក់ទងដោយ Bernama នាយកផ្នែកប្រឆាំងការលាងលុយរបស់ MACC លោក Mohamad Zamri Zainul Abidin បានបញ្ជាក់ថា ទីភ្នាក់ងារបានដកស្រង់របាយការណ៏របស់អ្នកទាំងបីដើម្បីជាការជួយសម្រួលដល់ការស៊ើបអង្កេតពាក់ព័ន្ធនឹងច្បាប់ប្រឆាំងការលាងលុយរបស់ម៉ាឡេស៊ី។

កាលពីខែធ្នូ MACC បាននិយាយថា ការស៊ើបអង្កេតប្រឆាំងនឹងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីលោក Daim គឺផ្អែកលើព័ត៌មានដែលទទួលបានពី Pandora Papers ដែលជាសំណុំឯកសារលេចធ្លាយកាលពីឆ្នាំ ២០២១ ដោយបានបង្ហាញពីទ្រព្យសម្បត្តិលាក់បាំងរបស់មេដឹកនាំនាៗនៅលើពិភពលោក មហាសេដ្ឋី និងតារាល្បីៗ ដែលពួកគេបានប្រើប្រាស់ក្រុមហ៊ុននៅឯនាយសមុទ្រ ដើម្បីទិញផ្ទះឯកជន ទិញយន្តហោះ និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនក្រៅប្រទេសជាដើម។

ក៏ដូចជារូបលោក Daim ដែលបាននិយាយបន្ទាប់ពីមានការលេចធ្លាយដំណឹងមកថា គាត់មានមុខជំនួញដូចដែលត្រូវបានគេបង្ហាញនៅក្នុងសំណុំឯកសារ Pandora Papers ថាជាជំនួញស្របច្បាប់។ លោក Daim ក៏​បានបញ្ជាក់​បន្ថែមផងដែរ​ថា លោក​ជា​អ្នក​ជំនួញ “ជោគជ័យ និង​មាន​ទ្រព្យធន” ជា​យូរ​មក​ហើយ​តាំងពីនៅមុន​ពេលដែល​លោកបាន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយមកម្លេះ ហើយ​ការបង់ពន្ធក៏​ត្រូវ​បាន​លោកបង់​ពេញថ្លៃ​ទៅលើ​អាជីវកម្ម និង​ប្រាក់​ចំណូល​របស់​លោកទាំងអស់។

នៅក្នុងខែដដែល CNA បានរាយការណ៍ថា Ilham Tower ដែលមានតម្លៃរាប់លានដុល្លារ ដែលជាអគារពាណិជ្ជកម្មដ៏សំខាន់ដែលជាកម្មសិទ្ធិរបស់គ្រួសារលោក Daim ត្រូវបានរឹបអូស បន្ទាប់ពីគាត់បានបដិសេធមិនប្រកាសពីការកាន់កាប់មូលនិធិហិរញ្ញវត្ថុរបស់គាត់ និងរបស់គ្រួសារគាត់៕

ប្រភព៖ Bernama/lk