សន្ដិសុខសង្គម

បង្ហាញមុខអ្ន​កយកដុំឥដ្ឋគប់កញ្ចក់រថយន្តបណ្ដាលឲ្យអ្នកបើកបរស្លាប់

ដោយ:សុខុម
ព្រៃវែង៖ នគរបាលខេត្តព្រៃវែងនៅថ្ងៃទី១០ខែមករាឆ្នាំ២០២៤បានបង្ហាញមុខសញ្ញាជនសង្ស័យចំនួន២នាក់ដែលយកដុំឥដ្ឋគប់កញ្ចក់រថយន្តកុងតឺន័រមួយគ្រឿង បណ្ដាលឱ្យរេចង្កូតធ្លាក់ប្រឡាយស្លាប់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣មាន រថយន្តបើកធ្លាក់ផ្លូវបណ្តាលឱ្យអ្នកបើកបរស្លាប់នៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ សមត្ថកិច្ចបានស៊ើបអង្កេតស្រាវជ្រាវ ដាក់ការសង្ស័យថាមិនមែនគ្រោះថ្នាក់ចរាចរណ៍ទេ គឺអាចជាករណីគប់កញ្ចក់រថយន្ត ។


បន្ទាប់មកលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបង្កើតក្រុមចុះស្រាវជ្រាវ ស៊ើបអង្កេតហៅជនសង្ស័យជាច្រើននាក់មកបំភ្លឺ ពុំទទួលបានផលិតផល។លុះមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មានករណី លួចមានស្ថានទម្ងន់កើតឡើង តាមបណ្តោយផ្លូវជាតិលេខ១ នៅចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ជនសង្ស័យមានគ្នា ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយពីអ្នកគ្រូបង្រៀនម្នាក់ ។កម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ រួចធ្វើការសាកសួរ និងបន្តឃាត់ខ្លួនមុខសញ្ញា ជាបន្តបន្ទាប់ សរុប ១០នាក់មកសួរនាំ ។
ក្រោយសួរនាំជនសង្ស័យទាំង ១០ នាក់នគរបាលជំនាញព្រហ្មទណ្ឌខេត្តព្រៃវែង ក៏មានតម្រុយកំណត់អត្តសញ្ញាណជនសង្ស័យពាក់ព័ន្ធនឹងករណីគប់កញ្ចក់រថយន្តក្នុងឆ្នាំ២០២៣។ឈានទៅដល់ឃាត់ខ្លួនជនសង្ស័យ ១នាក់ នៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤ មានឈ្មោះ ទូច ចិន ភេទប្រុស អាយុ ២១ឆ្នាំ (ជាជនដៃដល់) នៅភូមិពងពស់ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពី ឯកឧត្តម គុជ គឹមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងជំនាញ បានធ្វើការសួរនាំជនសង្ស័យអស់រយៈពេល ២ថ្ងៃ ទើបជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋគប់ទៅលើរថយន្តកុងតឺន័រ ដែលបើកបរដោយជនរងគ្រោះបណ្ដាលឱ្យស្លាប់ពិតប្រាកដមែន និងបានសហការប្រាប់ពីអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត ដែលជាបក្ខពួករបស់ខ្លួន ។


កម្លាំងនគរបាលបន្តចុះស្វែងរកចាប់ជនសង្ស័យម្នាក់ទៀត ដោយពន្លាតសមត្ថកិច្ចដែនដីរហូតដល់ខេត្តព្រះសីហនុ និងបន្តដល់ភ្នំពេញ ។នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២៤ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតនៅភ្នំពេញ មានឈ្មោះ នូ ដារ៉ា ហៅតាក់ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រៃផ្ចិត ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានសារភាពថា បន្ទាប់ពីពួកគេចេញហូបអីនៅគល់ស្ពានអ្នកលឿង ដើម្បីត្រឡប់ទៅផ្ទះ ពួកគេបានរើសដុំឥដ្ឋ និងដាក់ដាវជាប់នឹងម៉ូតូស្រាប់ ដើម្បីត្រៀមការពារខ្លួន។ ពេលដល់កន្លែងកើតហេតុក៏ជួបរថយន្តបើបរបញ្ច្រាសទិសគ្នាបើកភ្លើងហ្វាចាំងភ្នែក។ពួកគេខឹង យកដុំឥដ្ឋជាប់នឹងម៉ូតូគប់ទៅលើរថយន្ត ដើម្បីជាការព្រមានដល់អ្នកបើកបររថយន្តធំៗដែលមិនទម្លាក់ភ្លើងសញ្ញា។ ពួកគេមិនមានបំណងចង់ឱ្យម្ចាស់រថយន្តស្លាប់នោះទេ ។
ក្រោយពេលឃាត់ខ្លួនបានសមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យទាំង ២នាក់ត្រូនគរបាលខេត្តព្រៃវែង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីអនុវត្តតាមនីតិវិធី៕