អន្តរជាតិ

តៃវ៉ាន់ប្រកាសអាសន្នជុំវិញការបង្ហោះផ្កាយរណបចិនដែលបង្កការភ័យខ្លាចផ្នែកសន្តិសុខ

ប្រែសម្រួល៖ ស.​សម្បត្តិ

តៃប៉ិ៖ កាលពីថ្ងៃអង្គារ ទី៩ មករាកន្លងទៅថ្មីៗនេះកោះតៃវ៉ាន់បានប្រកាសអាសន្នខណៈថាចិនដីគោកបានបាញ់បង្ហោះផ្កាយរណបនៅក្នុងប៉ុន្មានថ្ងៃមុនពេលកោះនេះរៀបចំការបោះឆ្នោតប្រធានាធិបតីជាហេតុបណ្តាលឲ្យមានការព្រួយបារម្ភផ្នែកសន្តិសុខយ៉ាងខ្លាំង។

ការប្រកាសអាសន្ននេះបានកើតឡើងនៅក្នុងពេលប៉ុន្មានម៉ោងបន្ទាប់ពីបេក្ខជនប្រធានាធិបតីដែលនាំមុខគេក្នុងការស្ទង់មតិក្នុងការបោះឆ្នោតគឺលោក ឡាយ ជិងតេ បច្ចុប្បន្នជាអនុប្រធានាធិតីតៃវ៉ាន់បានចោទប្រកាន់ថាទីក្រុងប៉េកាំងបានខិតខំប្រើ “គ្រប់មធ្យោបាយ” ដើម្បីប្រើទ្ធិពលរបស់ខ្លួនមកលើការស្ទង់មតិនៅចុងសប្តាហ៍នេះក្នុងចេតនាទាញយកបញ្ហាច្រកសមុទ្រតៃវ៉ាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីសម្រាប់អាណត្តិ៤  ឆ្នាំខាងមុខ។

គេសង្កេតឃើញមានការហៅទូរសព្ទនៅទូទាំងកោះតៃវ៉ាន់បានផ្ទុះឡើងដោយសារតែ “មានសារជាសម្លេងបានធ្វើការដាស់តឿនពលរដ្ឋតៃវ៉ាន់ឲ្យមានការប្រុងប្រយ័ត្ន” នៅវេលាម៉ោងប្រហែល ៣.១៥ នាទីរសៀលម៉ោងក្នុងស្រុកដោយបានប្រកាសអាសន្នជុំវិញការបាញ់បង្ហោះផ្កាយរណប Einstein Probe របស់ចិនប្រកបដោយជោគជ័យដែលក្រុងប៉េកាំងបានអះអាងថាការបាញ់បង្ហោះផ្កាយរណបនេះក្នុងគោលដៅប្រមូលទិន្នន័យតារាសាស្ត្រ។

សារជាសម្លេងបានប្រកាសជាភាសាចិនថា “ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបដែលហោះពីលើដែនអាកាសភាគខាងត្បូងហេតុនេះសូមពលរដ្ឋមានការប្រុងប្រយ័ត្នអំពីសុវត្ថិភាពរបស់អ្នកឲ្យបានគ្រប់ៗគ្នា”។

សារនោះបានពណ៌នាជាភាសាអង់គ្លេសថាជា “ការព្រមានអំពីការវាយឆ្មក់តាមអាកាសរបស់ចិន” ការព្រមានអំពី “ការបង្ហោះផ្កាយរណបលើដែនអាកាសតៃវ៉ាន់” នេះក្រុមមន្ត្រីតៃវ៉ាន់បាននិយាយថាការបកប្រែជាភាសាអង់គ្លេសខុសន័យដើមទាំងស្រុង។

រដ្ឋមន្ត្រីការបរទេស លោក យូសិប វូ បានធានាដល់អ្នកសារព័ត៌មានថា វាគឺជាផ្កាយរណបធម្មតាទេ លោកបានពន្យល់ថា វាគ្រាន់តែជាសារជូនដំណឹងដែលត្រូវបានផ្សាយចេញជាសម្លេងដាស់តឿនដល់ពលរដ្ឋថាវាអាចមាន “ធ្លាក់ជាកំទេចកំទី” របស់ផ្កាយរណបដែលអាចកើតមានឡើងតែប៉ុណ្ណោះទេ។

លោក យូសិប វូ  បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទសារព័ត៌មានអំពីការរំខានដោយសារតែការជូនដំណឹងនេះថា “នៅពេលដែលរ៉ុក្កែតមួយកំពុងហោះហើរដោយបើកចំហនៅលើដែនអាកាសរបស់យើងនោះវាអាចបង្កឲ្យមានដូចជា សម្បកស្រោបបំពង់របស់វា ឬកំទេចកំទីខ្លះៗអាចនឹងធ្លាក់នៅក្នុងតំបន់របស់យើង” ។

នោះហើយជាមូលហេតុដែលមជ្ឈមណ្ឌលយើងធ្វើការជូនដំណឹងដល់ពរដ្ឋរបស់យើងឲ្យមានការប្រុងប្រយ័ត្នទើបវាចេញជាសារជូនដំណឹងបែបនេះរឿងបែបនេះធ្លាប់បានកើតឡើងតាំងពីពេលមុនមកហើយ៕

ប្រភព៖ AFP/at