អន្តរជាតិ

ជប៉ុនរឹតបន្តឹងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសបន្ទាប់ពីមានយន្តហោះបុកគ្នា

ប្រែសម្រួល៖ សហការី

តូក្យូ៖ នៅក្នុងថ្ងៃពុធ ១០ មករា រដ្ឋាភិបាលជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានរឹតបន្តឹងពិធីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ខ្លួន បន្ទាប់ពីមានយន្តហោះប៉ះទង្គិចគ្នានៅអាកាសយានដ្ឋានក្នុងទីក្រុងតូក្យូបណ្តាលឲ្យមានមនុស្ស ៥ នាក់ស្លាប់ និងអ្នកដំណើររាប់រយនាក់ត្រូវបានជម្លៀសចេញពីយន្តហោះប្រកបដោយសុវត្ថិភាព។

វិធានការរក្សាសុវត្ថិភាពនិងសង្គ្រោះបន្ទាន់ត្រូវបានប្រកាសដោយក្រសួងដឹកជញ្ជូន បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនអ៊ែរឡាញបានបុកគ្នាជាមួយនិងយន្តហោះឆ្មាំឆ្នេរសមុទ្រនៅលើផ្លូវរត់ក្នុងអាកាសយានដ្ឋាន ហាណេដា កាលពីថ្ងៃទី ២ ខែមករា។

អ្នកដំណើរ និងនាវិកទាំងអស់ ៣៧៩ នាក់នៅលើយន្តហោះត្រូវបានជម្លៀសចេញភ្លាមៗក៏ប៉ុន្តែជាអកុសលនាវិក ៥ នាក់ក្នុងចំណោមនាវិក ៦ នាក់ដែលជាឆ្មាំឆ្នេរសមុទ្របានស្លាប់នៅលើយន្តហោះធុនតូចរបស់ឆ្មាំឆ្នេរសមុទ្រ ដែលគ្រោងនិងធ្វើដំណើរទៅចែកចាយគ្រឿងផ្គត់ផ្គង់នៅតំបន់រងគ្រោះដោយសាររញ្ជួយដី។

ក្រោមលក្ខខណ្ឌថ្មីគឺតម្រូវឲ្យបុគ្គលិកឃ្លាំមើលជានិច្ចនូវប្រព័ន្ធត្រួតពិនិត្យ ដើម្បីជូនដំណឹងដល់ប៉មបញ្ជា នៅពេលដែលមានយន្តហោះនៅលើផ្លូវរត់។

ហើយដើម្បីទប់ស្កាត់ការយល់ច្រឡំ អ្នកបញ្ជាការហោះហើរមិនត្រូវប្រាប់យន្តហោះថា លេខប៉ុន្មានក្នុងជួរដែលពួកគេត្រូវហោះឡើងនោះទេ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះចូលទៅក្នុងគេហទំព័ររបស់ខ្លួន។

កាលពីថ្ងៃអង្គាររដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Tetsuo Saito បាននិយាយថា “បេសកកម្មដ៏ធំបំផុតមួយរបស់ខ្ញុំគឺស្តារទំនុកចិត្តលើអាកាសចរណ៍ដឹកជញ្ជូនអ្នកដំណើរជាសាធារណៈ” ។

ក្រសួង​នឹង​បង្កើត​ក្រុម​អ្នក​ជំនាញ​មួយ​ដើម្បី​មើលលើនីតិ​វិធី​បន្ថែម​ទៀត​ក្នុង​ការ​ពង្រឹង​សុវត្ថិភាព​ហើយអ្វីដែលជា​អនុសាសន៍​របស់​គេ​នឹង​ត្រូវ​ប្រកាសនៅ​ក្នុង​សប្តាហ៍​នេះ៕

ប្រភព៖ AFP/lk