សន្ដិសុខសង្គម

ជនសង្ស័យប្លន់ម៉ូតូពីអ្នកដឹកជញ្ជូនអាហារឱ្យម៉ូយត្រូវសមត្ថកិច្ចចាប់បាន២នាក់

ដោយ:សុខុម
ភ្នំពេញ៖សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវនៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះបានបង្ហាញមុខសញ្ញាជនសង្ស័យប្លន់យ៉ាងសកម្មចំនួន២ នាក់និងធ្លាប់ប្លន់យកម៉ូតូពីនាក់ដឹកជញ្ជូនអាហារឲ្យម៉ូយកាលពីកន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យទី១-ឈ្មោះ ធី សុបញ្ញារិទ្ធ ហៅផល្លា អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ទី២-ឈ្មោះ រ៉ាយ រ៉ាវុធអាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅ បន្ទប់ជួល ផ្លូវលំ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រីឯ ជនរងគ្រោះឈ្មោះ សាក់ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ផ្ទះលេខ ១៦E២ ផ្លូវបេតុង ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


សូមរំលឹកថាកាលពីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ជនសង្ស័យ កាប់ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ១គ្រឿង នៅចំណុចដើមប្រេងខ្យល់ ស្ថិតនៅខាងជើងកាំកូស៊ីធី តាមផ្លូវលេខ ១០០៣ ក្នុងសង្កាត់ទួលសង្កែទី២។ នៅក្នុងកម្មភាពជនសង្ស័យ ២នាក់ បានប្រើដាវកែច្នៃ ភ្ជង់គំរាមជនរងគ្រោះ ដែលកំពុងតែចុះបត់ជើង ប្លន់យកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១IN.៨០១៥ ទៅបាត់។តាមរយៈវីដេអូជនរងគ្រោះរៀបរាប់ប្រាប់អ្នកសារព័ត៌មានក្រោយអំពើប្លន់បានកើតឡើងមហាជននិងអ្នកមានទ្រព្យមួយចំនួនបានជួយឧបត្ថម្ភទម៉ូតូនិងប្រាក់សម្ភារទៅដល់ជីវភាពគ្រួសារជនរងគ្រោះ។
លោកវរ:សេនីយ៍ ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា ក្រោយពីមានករណីនេះកើតឡើងកម្លាំងជំនាញរបស់លោកសហការជាមួយកម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានតែរយៈពេល ៤ថ្ងៃប៉ុណ្ណោះ។
លោក វរ:សេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងទៀតថា ជនសង្ស័យ ជាមុខសញ្ញាចាស់ ប្លន់ និងលួច យ៉ាងសកម្ម ធ្លាប់ជាប់ពន្ធនាគារ និងបានប្រើប្រាស់គ្រឿងញៀនញៀនទៀតផង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ធី សុបញ្ញារិទ្ធ បន្ទាប់ពីប្លន់យកម៉ូតូបានហើយទៅលក់ ឱ្យបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលឈរនៅលើចិញ្ចើមផ្លូវម្តុំផ្សារឃ្លាំងរំសេវ បានប្រាក់ចំនួន ៧០០ដុល្លារ ហើយបានយកមកចែកឱ្យជនសង្ស័យ ជាដៃគូឈ្មោះរ៉ាយ រ៉ាវុធ បានចំនួន ៣០០ដុល្លា ។ពេលបានប្រាក់ហើយពួកគេទាំងពីរនាក់ក៏នាំគ្នាស៊ីចាយ យ៉ាងសប្បាយនិងប្រើប្រាស់គ្រឿងញៀនអស់ មុនពេលសមត្ថកិច្ចឃាត់ខ្លួន៕