អន្តរជាតិ

ជនជាតិថៃពីរនាក់ប្តីប្រពន្ធលាក់សពក្មេងប្រុសអាយុ២ឆ្នាំទុកនៅក្នុងទូទឹកកក

ប្រែសម្រួល៖ សហការី

ប្រទេសថៃ៖ គូស្នេហ៍មួយនៅប្រទេសថៃ ត្រូវបានតុលាការចោទប្រកាន់ពីបទលាក់សាកសពកុមារដែលទើបនឹងចេះដើរតេះតះនៅក្នុងទូទឹកកក។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា កាលពីថ្ងៃសៅរ៍គេបានប្រទះឃើញសាកសពក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ដែលត្រូវបានលាក់នៅក្នុងទូរទឹកកកនៅក្នុងផ្ទះមួយដែលគ្រួសារនោះទទួលមើលក្មេងដែលឪពុកម្តាយគឺជាអ្នកញៀនថ្នាំ ស្តិតនៅក្នុងសង្កាត់ បឹង បៅធុង នៃខេត្ត ណុនថា បុរី។

បុរសជនជាតិថៃឈ្មោះហាន់ណារ៉ុង ប្រៃផានុង  អាយុ ៣១ ឆ្នាំរួមទាំងប្រពន្ធរបស់គាត់ឈ្មោះ ម៉ារីសា ថងអាំ អាយុ ២៥ ឆ្នាំត្រូវបានតុលាការចោទប្រកាន់ថាមិនបានរាយការណ៍ពីការស្លាប់របស់ទារកដែលទើបនឹងចេះដើរតេះតះទៅប៉ូលិសនិងបានលាក់ទុកសាកសព។ លោក ហាន់ ណារ៉ុង ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ល្មើស​គ្រឿង​ញៀនផងដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​បាន​រាយការណ៍​ថា លោក ហាន់ ណារ៉ុង ជា​មិត្ត​ភក្តិ​របស់​ឪពុក​ក្មេង​នោះ។ លោក ព្រិត ចារុនសាអាត នាយប៉ុស្តិ៍នគរបាល បឹង បៅធុង បានប្រាប់អ្នកសារព័ត៌មានថា ប៉ូលិសនឹងសាកសួរឪពុកម្តាយបង្កើតរបស់ក្មេងប្រុសនេះបន្ថែមទៀត។

មន្ត្រីប៉ូលិសនិងអ្នកជំនាញផ្នែកកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យត្រូវបានហៅទៅកាន់លំនៅដ្ឋានមួយនៅផ្លូវរតនៈបុត្រកាលពីថ្ងៃសៅរ៍។

យោងតាមរបាយការណ៍ពី ថៃ PBS World បានឲ្យដឹងថា អាជ្ញាធរបានទៅផ្ទះដែលកើតហេតុនោះបន្ទាប់ពីម្តាយរបស់ហាន់ណារ៉ុងបានត្អូញត្អែរដោយសារតែមានក្លិនស្អុយជះចេញពីក្នុងផ្ទះ ហើយថាកុមារបានបាត់ខ្លួនតាំងពីថ្ងៃទី ២ ខែមករា។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ក្រុមមន្ត្រីបានរកឃើញសាកសពរបស់ក្មេងទើបនឹងចេះដើរតេះតះរុំក្នុងភួយលាក់ទុកនៅក្នុងទូទឹកកក។លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិច័យ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​នេះបាន​ស្លាប់ដោយសារតែស្លាក់បាយ​ដំណើបនៅក្នុងបំពង់កបណ្តាលឲ្យស្ទះខ្យល់ស្លាប់។

ប៉ុន្តែសាច់ញាតិរបស់ក្មេងប្រុសជំទាស់នឹងការរកឃើញនៃការធ្វើកោសល្យវិច័យ ដោយសារមានស្នាមជាំជាច្រើននៅលើដៃនិងជើងរបស់ក្មេងប្រុស។ ស្ត្រី​សង្ស័យ​បាន​និយាយ​ថា គាត់​បាន​ប្រទះ​ឃើញ​ក្មេង​នោះ​មាន​ស្រមោច​ចូល​ក្នុង​ភ្នែក និង​បាយ​ក្នុង​មាត់។

ហើយសាកសពរបស់ក្មេងប្រុសនេះត្រូវបានយកទៅបូជាកាលពីថ្ងៃចន្ទ៕

ប្រភព៖ Agencies/fh(mi)