សេដ្ឋកិច្ច

ចិន គ្រោងវិនិយោគ១ពាន់លានដុល្លារលើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូនិងសម្បកកង់រថយន្ត

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង មជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្ត។
អនុស្សរណៈនៃការយោគយល់គ្នានេះ ជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់ខេត្តសានតុងនៃសាធារណរដ្ឋប្រជាមានិតចិន របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីថ្ងៃទី៥ដល់ថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ដើម្បីគៀងគរវិនិយោគិនចិនមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាព្រមទាំងផ្សព្វផ្សាយសក្តានុពលសេដ្ឋកិច្ចកម្ពុជា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគគម្រោងអទិភាពទាំងនោះ។
NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន៕