អន្តរជាតិ

ក្រុមប្រឹក្សាលើកលែងទោសម៉ាឡេស៊ីពិចារណាលើការលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី Najib

ប្រែសម្រួល៖សហការី

គូឡាឡាំពួរ៖ ប្រទេសម៉ាឡេស៊ីគ្រោងនឹងកំណត់ក្នុងពេលឆាប់ៗនេះសម្រាប់ក្រុមប្រឹក្សាលើកលែងទោសដែលដឹកនាំដោយព្រះមហាក្សត្រធ្វើការពិចារណាថាតើគួរតែផ្តល់ការលើកលែងទោសដល់អតីតនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំពីបទពុករលួយពាក់ព័ន្ធនឹងទឹកប្រាក់មួយពាន់លានដុល្លាអាមេរិកសម្រាប់គម្រោងអភវឌ្ឍន៏ 1Malaysia Development Bhd (1MDB) ឬមួយយ៉ាងណា។

ការសម្រេចចិត្តលើបញ្ហាដ៏ចម្រូងចម្រាសនេះអាចនឹងធ្វើឲ្យមានផលប៉ះពាល់ផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Anwar Ibrahim និងរបបរាជានិយមរបស់ប្រទេសនេះ។

ការស្នើសុំផ្តល់ការលើកលែងទោសពីព្រះមហាក្សត្រជាលើកដំបូងរបស់លោក Najib ត្រូវបានធ្វើឡើងនៅចំពោះមុខក្រុមប្រឹក្សាលើកលែងទោសនៅក្នុងកិច្ចប្រជុំមួយកាលពីខែធ្នូ ប៉ុន្តែបញ្ហានេះត្រូវបានលើកពេលទៅសម័យប្រជុំពេញអង្គនៅក្នុងខែនេះ ដែលឥឡូវនេះត្រូវបានគេកំណត់យកសប្តាហ៍ទីបីក្នុងខែមករា ហើយសេចក្តីសម្រេចដែលនឹងត្រូវធ្វើឡើងដោយក្រុមប្រឹក្សាលើកលែងទោសទំនងជានឹងត្រូវបានអនុម័ត។

ស្ថាប័នលើកលែងទោសដែលដឹកនាំដោយព្រះមហាក្សត្រមានសមាជិកចំនួនប្រាំមួយរូបនឹងធ្វើការសម្រេចចិត្តនៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីព្រះមហាក្សត្រ Al-Sultan Abdullah Ri’ayatuddin Al-Mustafa Billah និងលោកនាយករដ្ឋមន្ត្រី Anwar ផងដែរថាតើគេត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិភាក្សាលើបញ្ហានេះដែរឬទេ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ដែលបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងេពេលដែលលោកបាននិយាយទៅកាន់ CNA នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

កិច្ចប្រជុំដ៏សំខាន់នៅក្នុងខែនេះនឹងក្លាយទៅជាកិច្ចការផ្លូវការចុងក្រោយបង្អស់របស់ស្តេចស៊ុលតង់ Abdullah Ri’ayatuddin នៅមុនពេលទ្រង់ចុះចេញពីរាជបល្ល័ង្កនៅថ្ងៃទី ៣១ ខែមករា ហើយនឹងប្រគល់តួនាទីនេះថ្វាយព្រះមហាក្សត្រស្តេចស៊ុលតង់ព្រះនាម Ibrahim Sultan Iskandar ក្រោមប្រព័ន្ធតែមួយរបស់ប្រទេសសម្រាប់គ្រប់គ្រងនគរដែលមានរដ្ឋចំនួនប្រាំបួន។

ប្រទេសម៉ាឡេស៊ីគឺជាប្រទេសដែលប្រកាន់យករបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដែលបានថ្វាយនូវសិទ្ធិអំណាចដល់ព្រះមហាក្សត្សក្នុងការលើកលែងទោសចំពោះឧក្រិដ្ឋជនដែលត្រូវបានផ្តន្ទាទោស ជាប្រព័ន្ធគឺស្រដៀងគ្នាទៅនឹងការគ្រប់គ្រងរបស់ប្រទេសថៃដែលជាប្រទេសជិតខាងផងដែរ៕