សន្ដិសុខសង្គម

ក្រសួងសុខាភិបាលចាត់ទុកថាគ្រឿងស្រវឹងប៉ះពាល់សុខភាពអាចនាំឱ្យកើតឬឆ្លងជំងឺច្រើនជាង១០មុខ

ភ្នំពេញ៖ ក្រសួងសុខាភិបាល កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹង ព្រោះជាតិអាល់កុលក្នុងផលិតផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ ក្នុងនោះអាចកើតឬឆ្លងជំងឺច្រើនជាង១០មុខ។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា៖ក្នុងរយៈពេលតែ២ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា គ្រឿងស្រវឹងក៏បង្កឱ្យមានផលប៉ះពាល់រយៈពេលវែង ដូចជា៖ជំងឺក្រិនថ្លើម ខូចថ្លើម,ជំងឺមហារីក មាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។,ជំងឺមហារីកឈាម,ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ,បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia),ក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង,អសមត្ថភាពផ្លូវភេទ,ជំងឺបេះដូង និងសរសៃឈាម,ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល),ជំងឺខ្សោយសាច់ដុំ និងឆ្អឹង,ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ។
ក្រៅពីនេះគ្រឿងស្រវឹងអាចបណ្តាលឱ្យមានជំងឺមិនឆ្លងផ្សេងៗទៀតដូចជា លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ៕