សេដ្ឋកិច្ច

កម្ពុជារកប្រាក់ចំណូលជាង ៤៦៦ លានដុល្លារ ពីការនាំចេញអង្ករ ក្នុងឆ្នាំ២០២៣

ដោយៈសិរីមតី
ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថាក្នុងរយៈពេល១២ខែឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករ ចំនួន ៦៥៦.៣២៣ តោន ដោយទទួលបានទឹកប្រាក់ចំនួនប្រមាណជាង ៤៦៦លានដុល្លារអាមេរិក ដែលការនាំចេញក្នុងឆ្នាំ២០២៣មានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% រៀងគ្នា បើធៀបនឹងឆ្នាំ២០២២។
យោងតាមស្ថិតតិបង្ហាញដោយសហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ពេញមួយឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករ ចំនួន ៦៥៦.៣២៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦១ ទទួលបានទឹកប្រាក់បានចំនួនជាង ៤៦៦លានដុល្លារអាមេរិក។ តួលេខនេះមានកំណើនលើបរិមាណ ៣% និងបរិមាណទឹកប្រាក់មានកំណើន ១៣% រៀងគ្នា បើធៀបនឹងឆ្នាំ២០២២។
ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តហុងកុង បានចំនួន ២១២.៧៥៦តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៣៨លានដុល្លារអាមេរិក ទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស បានចំនួន ២៦៤.៦៨៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៩១លានដុល្លារអាមេរិក និងនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន៧ប្រទេស បានបរិមាណចំនួន ៩៣.៣៧៦តោន គិតជាទឹកប្រាក់ចំនួន ៦២លានដុល្លារអាមេរិក និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២៦ប្រទេស បានចំនួន ៨៥.៥០៨តោន ដែលគិតជាទឹកប្រាក់បានចំនួន ៧៦លានដុល្លារអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានដាក់ចេញនូវផែនការគោលសម្រាប់ឆ្នាំ២០២៣-២០២៥ ជំរុញការនាំចេញដោយរៀបចំផែនការយុទ្ធសាស្ត្រទីផ្សារគោលដៅស្របតាមប្រភេទពូជស្រូវ និងអង្ករ។ ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះមាន អង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២,២៩%, អង្ករស ចំនួន ១២,៩៤% , អង្ករចំហ៊ុយ ២,៩២ %, អង្ករសរីរាង្គចំនួន ១,៦២%, អង្ករសគ្រាប់ខ្លីចំនួន ០,០៣% និងអង្ករដំណើបចំនួន ០,២០%។
គួរឱ្យកត់សម្គាល់ដែរថា ការនាំចេញស្រូវរបស់កម្ពុជា សម្រេចបានក្នុងបរិមាណ ៤ ,៣៨៧ ៣៦៣តោន ដែលគិតជាទឹកប្រាក់បានប៉ានប្រមាណ ១,៣២ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៦៤% បាននាំចេញឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។ ការនាំចេញស្រូវ មានការកើនឡើងលើបរិមាណចំនួន ២៦,៥០% និងទឹកប្រាក់មានកំណើនចំនួន ៥៦,៦៩% បើធៀបឆ្នាំ២០២២៕
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល១២ ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៨ ៤៤៩ ៤១៤,៣៦តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករមានចំនួន ៦៥៦ ៣២៣,០០តោន កើនឡើង៣ភាគរយ និងស្រូវ ២ ៧៣០ ៨២៥,០០តោន កើនឡើង២៤ភាគរយ៕